ខេត្តព្រះសីហនុប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើនឱកាស ការងារសាងក្តីសង្ឃឹមដល់យុវជន”
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ TVET បង្កើនឱកាស ការងារសាងក្តីសង្ឃឹមដល់យុវជន” នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី គណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក នៃវិទ្យាស្ថានពហុបច្ចេក ទេសខេត្តព្រះសីហនុ ក្រុមហ៊ុនឯកជន គ្រឹះស្ថានអប់រំឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និស្សិត យុវជន ព្រមទាំងសមាជិក សមាជិកា។

លោក តេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ បានស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវ:នៅខេត្តព្រះសីហនុ មជ្ឈមណ្ឌលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០០ ដោយបំពាក់ឧបករណ៍សម្ភារ និងគ្រឿងសង្ហារិមពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងគោលបំណងផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវ: ជួយបង្កើតមុខរបររួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគុណវុឌ្ឍជាតិទាំង ៨កម្រិត វិទ្យាស្ថានបានបណ្តុះបណ្តាលលើ ៦កម្រិត៖ ១.កម្រិតបរិញ្ញាបត្របច្ចេកទេសវិស្វករ រយពេល ៤ឆ្នាំ ស្មើនឹង ១២០ក្រេឌីត ២.កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសសិក្សា ២ឆ្នាំ ស្មើ ៦០ក្រេឌីត ៣.កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ: ១ឆ្នាំ ស្មើ ៣០ក្រេឌីត ៤.កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ:កម្រិត២ រយ:ពេល១ឆ្នាំ ៣០ក្រេឌីត ៥.កម្រិតសញ្ញាបត្របច្ចេក ទេស និងវិជ្ជាជីវ:៣ រយពេល ១ឆ្នាំ មាន ៣០ក្រេឌីត ៦.កម្រិតសញ្ញាបត្ររយ:ពេលខ្លី សិក្សា១សប្តាហ៍ ដល់៤ខែ។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៥ វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាមបានចំនួន ២០ ៨៤៥នាក់ ស្រី ៨ ៦៤៤នាក់ ក្នុងនោះសិស្ស និស្សិតបានបញ្ចប់ការសិក្សាចំនួន ១៩ ៦៤៨នាក់ ស្រី ៨ ៤៣៤នាក់ ក្នុងនោះសិស្ស និស្សិតមានការងារធ្វើ ១៨ ៧៤៩នាក់ ស្រី ៨ ៤១៨នាក់ ស្មើនឹង ៩៥.៤២ភាគរយ។ ដោយឡែកក្នុងឆ្នាំ២០២៤-២០២៥នេះ វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលសិស្ស និស្សិតចំនួន ១ ៥២១នាក់ ស្រី ២១៧នាក់។

លោក សាមុត សុធារិទ្ធ បានថ្លែងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ TVET បង្កើនឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” មានគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស-និស្សិត យុវជន មាតា បិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារក្នុង និងក្រៅប្រទេស។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្សដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស-និស្សិត យុវជន មាតា បិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង ប្រទេសប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ:៕
ដោយ ងូ សុមុនី





