សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥-
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា «អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ»។ «នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាខួបលើកទី៦៣ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៥) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ និងក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ៕

ដោយ៖ ជឹម ណារី





