គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំចង្អៀត សម្រាប់ថ្ងៃទី២នេះ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២៥
គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)បានចាប់ផ្តើមបើកកិច្ចប្រជុំចង្អៀតសម្រាប់ទី២នេះ ដូចការបើកកិច្ចប្រជុំនៅថ្ងៃទី១ដែរ ដែលកិច្ចប្រជុំនេះ ត្រូវបានគាគីកម្ពុជា-ថៃ បានអះអាងថា ទទួលលទ្ធផលល្អប្រសើរ និងប្រព្រឹត្តទៅរលូនល្អ ពុំមានអ្វីជាឧបសគ្គច្រើនឡើយ។ សម្រាប់ថ្ងៃទី២នេះ ភាគីកម្ពុជា និងថៃ ចាប់ផ្តើមកិច្ចប្រជុំចង្អៀត មុននឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)ជាផ្លូវការ ដែលបានប្រព្រឹត្ដទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២នេះ បើតាមឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឱ្យដឹងថា កិច្ចប្រជុំនេះ បានបន្តជជែកគ្នានៅចំណុចមួយចំនួនបន្ថែមទៀតដែលនៅសេសសល់ជាមួយសមភាគីថៃ។

ក្នុងកិច្ចប្រជុំនេះដែរ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ ដឹកនាំដោយឯកឧត្ដម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) អតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងជាទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែនរបស់ប្រទេសថៃ៕
ដោយ៖ មករា





