ក្រសួងសង្គមកិច្ចត្រៀមមណ្ឌល៣ទីតាំងនៅខេត្តបន្ទាយមានជ័យសម្រាប់ទទួលពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់នូវមណ្ឌលចំនួន៣ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់មកពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកពីភាគីថៃ។
កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួង បានចុះពិនិត្យដោយផ្ទាល់ពីការត្រៀមលក្ខណៈទាំងនេះ ដើម្បីធានាថាការទទួលពលរដ្ឋខ្មែរប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ក្រសួងបានបញ្ជាក់ថា ក្នុងការចូលរួមចំណែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មណ្ឌលទាំងបីទីតាំងដែលបានត្រៀមទុកនោះគឺ៖ ១. មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២. មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែត និង៣. មណ្ឌលនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រៅពីការត្រៀមមណ្ឌលទាំងនេះ ក្រសួងក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមសម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ សេវាដែលនឹងត្រូវផ្ដល់ជូនរួមមាន ស្នាក់នៅបណ្ដោះអាសន្ន ហូបចុក សង្គ្រោះបឋម និងការបញ្ជូនបន្តទៅទីកន្លែងកំណើត។
សម្រាប់ព័ត៌មានបន្ថែម ឬក្នុងករណីចាំបាច់ សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញតាមរយៈលេខទូរសព្ទ៖ ០១៧ ៧៨៨ ៨៦៦ ០៨៥ ២២២ ១៦៨ និង០១២ ៧២៥ ០៥៧៕

ដោយ ឈុន សារ៉ាត





