ឯកឧត្តម ពេជ សោភ័ន៖ ការអប់រំជាឆ្អឹងខ្នងសម្រាប់កសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
ថ្លែងក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធឧត្តមមានុវត្តន៍ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ជំរុញគុណភាពអប់រំដែលបានធ្វើឡើងនៅបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំ ដែលជាឆ្អឹងខ្នងសម្រាប់កសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស។ កិច្ចប្រជុំនេះមានគោលបំណងចម្បងក្នុងការវាយតម្លៃឡើងវិញនូវវឌ្ឍនភាពការងារដែលសម្រេចបាន ក៏ដូចជាចែករំលែកនូវបទពិសោធន៍ល្អៗ និងឧត្តមមានុវត្តន៍នានាដែលសាលារៀនគោលដៅ គ.វ.អ. បានអនុវត្តន៍ប្រកបដោយជោគជ័យ។ តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈយោបល់ផ្ទាល់រវាងអ្នកពាក់ព័ន្ធ គេរំពឹងថានឹងអាចកំណត់នូវចំណុចខ្លាំង ចំណុចខ្វះខាត និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនៅតាមសាលារៀនទាំងនោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានលើកឡើងថា គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបំពាក់ចំណេះដឹង ជំនាញ និងឥរិយាបទល្អប្រសើរដល់សិស្សានុសិស្ស។ ការចែករំលែកបទពិសោធឧត្តមមានុវត្តន៍ គឺជាកត្តាចាំបាច់មួយដើម្បីធានាថាគម្រោង គ.វ.អ. អាចបន្តពង្រីកវិសាលភាព និងទទួលបានជោគជ័យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង គ.វ.អ. នាពេលកន្លងមក។ កិច្ចសហការ និងភាពជាដៃគូរវាងគ្រប់ភាគីពាក់ព័ន្ធ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានាឱ្យកូនចៅយើងមានអនាគតដ៏ភ្លឺស្វាង។

ឯកឧត្តម ពេជ សោភ័ណ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែមទៀត បន្តពង្រឹងគុណភាពបង្រៀន និងរៀន ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពសិស្សទាំងផ្នែកចំណេះដឹង និងជំនាញ។ លើកទឹកចិត្តដល់ការច្នៃប្រឌិត និងនវានុវត្តន៍ ក្នុងការបង្រៀន ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្ស។ ពង្រឹងទំនាក់ទំនងរវាងសាលារៀន អាណាព្យាបាល និងសហគមន៍ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ និងគាំទ្រ។ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ឲ្យអស់ពីលទ្ធភាពក្នុងដំណើរការអប់រំ។ បន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំដែលកំពុងវិវត្ត។
សូមជម្រាបថាកិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ និងផ្លែផ្កា ដោយរំពឹងថាលទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការបន្តពង្រឹង និងពង្រីកគម្រោង គ.វ.អ. ឱ្យកាន់តែមានប្រសិទ្ធភាព និងឈានទៅសម្រេចបាននូវគោលដៅលើកកម្ពស់គុណភាពអប់រំនៅទូទាំងខេត្តបន្ទាយមានជ័យ និងប្រទេសជាតិទាំងមូល៕
ដោយ ឈុន សារ៉ាត





