កម្លាំងជំនាញចម្រុះបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥-- កម្លាំងជំនាញចម្រុះបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរដូវបិទនេសាទឆ្នាំ២០២៥នេះស្ទើរតែរៀងរាល់ថ្ងៃដូចភ្លៀងរលឹម។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤សហការជាមួយទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចមុខបាទាល់ និងចំណុច ព្រែកបាទាល់ ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងស្បៃមុងចំនួន៥របាំងប្រវែង៤២០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៦របាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន១១គ្រឿង លូចំនួន១២មាត់បង្គោលឈើចំនួន៥៩០ដើមនិងចាក់លែងត្រីស្រស់ចម្រុះទំងន់១៥គីឡូក្រាមចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើរួមជាមួយ មន្រ្តីខណ្ឌ និងគណ:កម្មការសហគមន៍នេសាទឧញ្ញាមហាពពាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចថ្លុកកំប៉ោង ទួលណាម,បឹងបាទា ស្ថិតនៅភូមិសាស្ត្រឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០៣ករណីដោយបានរុះរើនិងបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៥០ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង២៥០ ម៉ែត្រ ឡុកចំនួន០៨គ្រឿង លូចំនួន០៨មាត់ បង្គោលចំនួន២៧៥ដើម លបប្រឹស១០០ចំនួន៣០ខ្សៃស្មើនឹង ៦០០លប។
ចំណែកឯសង្កាត់ជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក និងអាជ្ញាធរបឹងទន្លេសាបបានចុះបោះបង្គោលបន្ថែមដីតំបន់៣នៅក្នុងភូមិសាស្រ្ត ឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

សង្កាត់រដ្ឋបាលជលផលព្រៃគុហ៍សហការជាមួយក្រុមការងាថ្នាក់ស្រុក ដឹកនាំដោយ លោក គង់ សុភា អភិបាលរងស្រុកប្រាសាទសំបូរ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចខាងលិចភូមិកំពង់ឈើទាលរហូតដល់ស្រះជម្រកត្រីបឹងកកាយស្ថិត ក្នុងភូមិសាស្ត្រឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន០១របាំងប្រវែង៥០ម៉ែត្រ ឡុកចំនួន ១៦គឿង លូស្បៃមុងចំនួន០២មាត់ បង្គោលចំនួន៧០ដើម៕
ដោយ ស៊ុម វណ្ណា





