លោក ថាំង វិយុទ្ធដា ចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងចុះពិនិត្យប្រគល់អាងចម្រោះទឹកស្អាតនៅសាលាបឋមសិក្សាចំបក់បញ្ញា
AKP កំពង់ធំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥-- លោក ថាំង វិយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំសហការីក្រុមប្រឹក្សាឃុំ លោកមេភូមិ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រធាន និងអនុប្រធានក្រុមបក្សចំនួន២ភូមិគឺស្លាករ និងភូមិពោធិចំនួន៧៩នាក់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានចុះពិនិត្យនិងប្រគល់អាងចម្រោះទឹកស្អាតនៅសាលាបឋមសិក្សាចំបកបញ្ញា។

ក្នុងជំនួបនោះ លោក ថាំង វិយុទ្ធដា បានសួរសុខទុក្ខ និងពិភាក្សាការងារប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលបំផុតទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដោយមានការចូលរួមជាមតិយោបល់ លើកសំណូមពរ និងដំណោះស្រាយភ្លាមៗចំពោះបញ្ហាមួយចំនួនពាក់ព័ន្ធនឹងជីវភាព បញ្ហាប្រឈមចំពោះមុខ។

ទន្ទឹមនឹងនេះ លោកប្រធានក៏បានលើកបង្ហាញពីសមិទ្ធផលថ្មីៗរួមមាន៖ ទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ប្រព័ន្ធធារាសាស្ត្រ ខ្វែងខ្វាត់ ការឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ការឧបត្ថម្ភកូនខ្ចី ការជួសជុលផ្លូវ ជីកស្រះទឹករួម។ល។និងលើកទិសដៅផែនការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ថាំង វិយុទ្ធដា និងក្រុមការងារ បានចុះជួបប្រធាន អនុប្រធានក្រុមបក្សបានចំនួន០៤ភូមិនៃភូមិទាំង១៥ក្នុងឃុំបន្ទាយស្ទោង ក្នុងគោលបំណងបង្កើនភាពសិទ្ធស្នាលបង្កើតប្រព័ន្ធទំនាក់ទំនងកាន់តែរហ័សមានប្រសិទ្ធភាពរវាងក្រុមការងារចុះពង្រឹងតាមភូមិនីមួយៗ និងសមាជិក សមាជិកាគណបក្សទាំងអស់តាមខ្នងផ្ទះថែមទៀត។ លោកក៏បានចុះពិនិត្យនិងប្រគល់ ទទួល អាងចម្រោះទឹកស្អាតអនាម័យជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំបក់បញ្ញា ស្ថិតនៅក្នុងភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់អនាម័យសុខភាពសិស្សានុសិស្សនៅតាមសាលារៀនឱ្យកាន់តែប្រសើរឡើងដែលបានចំណាយថវិកាក្នុងការសាងសង់សរុបប្រមាណ១០លានរៀល៕
ដោយ ស៊ុម វណ្ណា





