ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឮ ខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៧៧,៨%។

សូមជម្រាបថា អនុគម្រោងព្រែកពាមសត្ថាជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជួយរំដោះទឹកពីតំបន់រលាំងជ្រៃខាងជើង តាមអូរខ្សាច់ បឹងតាមោក ព្រែកពាមសត្ថា ផ្លូវជាតិលេខ៥ ធ្លាក់ទៅបឹងទន្លេសាប។ ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារព្រែកពាមសត្ថាប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ មុខកាត់ទទឹង ១០០ម៉ែត្រ និងទី២) សាងសង់ស្ថានីយមូមទឹកមួយកន្លែង មានបំពាក់ម៉ូទ័របូមទឹកចំនួន ៩គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ជាពិសេសលើគុណភាព និងសុវត្ថិភាពការងារ ឱ្យបានហ្មត់ចត់ស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក)





