ឯកឧត្តម ពុំ សុថា និងនាយកអង្គការ CI ពិភាក្សាអំពីវឌ្ឍនភាពការងារនៅតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) ដឹកនាំដោយលោក អ៊ុ សូនី ជានាយកប្រចាំប្រទេស បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ ពិភាក្សាអំពីវឌ្ឍនភាពការងារនៅតំបន់បឹងទន្លេសាបក្នុងរយៈពេល៥ឆ្នាំចុងក្រោយ និងពិគ្រោះអំពីការបន្តអនុស្សារណៈយោគយល់គ្នាក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ក្នុងជំនួបនោះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានបង្ហាញពីការងារទូទៅនៅក្នុងតំបន់ទេសភាពទាំងបួនរបស់ខ្លួន ពិសេសផ្តោតទៅលើគម្រោងសំខាន់ៗនៅតំបន់បឹងទន្លេសាប តួយ៉ាងគម្រោងដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងនោះរួមមានប្រភេទរុក្ខជាតិលិចទឹកកម្រទាំងដប់ប្រភេទ ការការពារដើមមេពូជ ការងារក្រុមប្រាក់សន្សំ យន្តការនិរន្តរភាពថវិកា ក្រុមសម្របសម្រួលការងារជលផល និង ការអនុវត្តគម្រោងផ្សេងៗក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋានចាប់តាំងពីឆ្នាំ២០០៨ មក។

ឯកឧត្តមប្រតិភូបានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋបាលជលទៅលើកិច្ចការងារអភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ពាក់ព័ន្ធ ព្រមទាំងបានបង្ហាញពីគោលជំហរដ៏រឹងមាំក្នុងការបន្តកិច្ចការងារនៅតំបន់បឹងទន្លេសាប ក៏ដូចជាតំបន់ទេសភាពផ្សេងៗទៀត ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានធម្មជាតិ និងជីវភាពសហគមន៍មូលដ្ឋានទាំងមូល៕

ដោយ ណយ នឿន (ប្រភព៖ CI)





