រដ្ឋមន្ត្រីក្រសួងអប់រំជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ វិទ្យាល័យសម្តេច ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២នៃវិទ្យាល័យសម្តេច ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម ដោយបានចូលរួមអបអរសាទរចំពោះវឌ្ឍនភាពជាច្រើនរបស់វិទ្យាល័យ និងបានគូសរំលេចពីខួបគម្រប់៨ឆ្នាំ ដែលក្រុមការងារចុះជួយស្រុកកងមាសយកអស់កម្លាំងកាយចិត្តចូលរួមចំណែកអភិវឌ្ឍន៍ស្រុកឱ្យរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលក្នុងនោះបានកែប្រែមុខមាត់វិទ្យាល័យសម្តេច ហ៊ុន សែន កងតាណឹងឱ្យក្លាយជាសាលារៀនធនធានមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ សោភណភាព និងបរិស្ថាសិក្សាស្អាត ព្រមទាំងមានការទទួលស្គាល់ជាសាលារៀនគំរូ និងជាសាលាបៃតងផងដែរ។

ក្នុងឱកាសនោះ ក្រៅពីជួបសំណេះសំណាលជាមួយសិស្ស និងលោកគ្រូអ្នកគ្រូ ដើម្បីស្វែងយល់ពីស្ថានភាពនៃការរៀន និងបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវសៀវភៅឯកសារមេរៀនសង្ខេប ដែលជាជំនួយដល់ការរៀនសូត្រ និងបានចែករំលែកបទពិសោធន៍គន្លឹះក្នុងការរៀនសូត្រមួយចំនួនដល់សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ហើយថាបន្ទាប់ពីប្រឡងជាប់ឯកឧត្តមបានណែនាំក្រុមការងារជំនាញឱ្យរៀបចំកម្មវិធីតម្រង់ទិសវិជ្ជាជីវៈ និងអាជីព ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីនេះក្នុងការជួយសិស្សានុសិស្សឱ្យចាប់យកឱកាសសិក្សាបានសមស្របតាមសមត្ថភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន បង្ការការសម្រេចចិត្តខុសមួយគ្រាដែលនាំឱ្យបាត់បង់ឱកាសរៀនសូត្រ ខាតបង់ទាំងពេលវេលា និងធនធាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងសង្វាតរៀនសូត្ររបស់សិស្សានុសិស្សដែលធ្វើឱ្យវិទ្យាល័យសម្តេច ហ៊ុន សែន កងតាណឹង សម្រេចបានអត្រាប្រឡងជាប់ដល់ទៅ ៩៩ភាគរយ ដែលនេះជាលទ្ធផលគួរជាទីមោទនៈបំផុត និងមានការជឿជាក់យ៉ាងមុតមាំថាវិទ្យាល័យមួយនេះនឹងអាចសម្រេចបានអត្រាជាប់១០០ភាគរយសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។ យ៉ាងណាមិញប្រសិនបើមិនសម្រេចគោលដៅនេះ ឬមិនអាចយកនិទ្ទេស A បាន សូមកុំឱ្យបាក់ទឹកចិត្តឱ្យសោះ ព្រោះនិទ្ទេសវាមិនបានកំណត់ជោគវាសនាទាំងស្រុងរបស់សិស្សនោះទេ ត្បិតអនាគតម្នាក់ៗនៅវែងឆ្ងាយ ដែលទាមទារនូវការបន្តរៀនសូត្រពេញមួយជីវិត ដើម្បីទទួលចំណេះដឹងទូលំទូលាយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





