កម្ពុជាពង្រឹងការអនុវត្តច្បាប់ស្ដីពីការហាមឃាត់អាវុធមហាប្រល័យនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
ដើម្បីពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម (CBRN) រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិអាវុធគីមី បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយដ៏សំខាន់មួយ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៅក្នុងប្រទេស និងតំបន់ ដោយពិធីបើកវគ្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ ប្រធាននាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។ ជាមួយគ្នានេះ លោក ឃូ ពៅ អភិបាលរងខេត្ត ក៏បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះមានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីខ្លឹមសារ និងស្មារតីនៃច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ ការយល់ដឹងស៊ីជម្រៅអំពីច្បាប់នេះ គឺជាកត្តាចាំបាច់ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់រាល់សកម្មភាពដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ និងសន្តិសុខសកល។

ថ្លែងក្នុងពិធីបើក លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃច្បាប់នេះថា «ច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម គឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែករក្សាសន្តិភាព និងសន្តិសុខពិភពលោក។ យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាល និងការប្រើប្រាស់អាវុធមហាប្រល័យទាំងនេះ ដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរដល់មនុស្សជាតិ និងបរិស្ថាន»។ លោកជំទាវបានបន្ថែមថា ការបណ្ដុះបណ្ដាលនេះ នឹងជួយពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបទៅនឹងករណីដែលពាក់ព័ន្ធនឹងអាវុធទាំងនេះ។
ស្របគ្នានេះដែរ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងពីតួនាទីរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តច្បាប់នេះ។ «រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអាវុធគីមី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ច្បាប់នេះត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តរបស់យើង។ ការចូលរួមរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ គឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅនេះ»។ លោកក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្ដាប់ និងផ្លាស់ប្ដូរមតិយោបល់ ដើម្បីទទួលបានចំណេះដឹងពេញលេញពីវគ្គសិក្ខាសាលានេះ។

ក្នុងវគ្គសិក្ខាសាលា សិក្ខាកាមទាំងអស់នឹងទទួលបានការបកស្រាយលម្អិតអំពីសេចក្ដីផ្ដើម និងទិដ្ឋភាពទូទៅនៃច្បាប់ ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ និយមន័យ និងប្រភេទនៃអាវុធ CBRN ព្រមទាំងផលប៉ះពាល់ដ៏មហន្តរាយរបស់វា។ កាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការទប់ស្កាត់អាវុធមហាប្រល័យ។ យន្តការនៃការអនុវត្តច្បាប់ ការត្រួតពិនិត្យ ការរាយការណ៍ និងវិធានការឆ្លើយតបទៅនឹងការរំលោភបំពានច្បាប់។តួនាទី និងភារកិច្ច របស់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមអនុវត្តច្បាប់នេះ។
សូមជម្រាបថា ការរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម នៅខេត្តបន្ទាយមានជ័យនេះ គឺជាសញ្ញាណមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីអាវុធមហាប្រល័យ។ តាមរយៈវគ្គសិក្ខាសាលានេះ គេរំពឹងថាការយល់ដឹង និងការអនុវត្តច្បាប់នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់រាល់ហានិភ័យដែលអាចកើតមានឡើង៕
ដោយ ឈុន សារ៉ាត





