ខេត្តកំពង់ធំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ "២១ មិថុនា ២០០៧-២១ មិថុនា ២០២៥"
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ "២១មិថុនា ២០០៧-២១ មិថុនា ២០២៥" ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនៅលើដីសម្បទានសង្គមកិច្ចឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងអំពីវឌ្ឍនភាពរបស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ក្នុងរយៈពេល១៨ឆ្នាំកន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដូចជា សាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះសាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានា បានចំនួន២៤៦ខ្នងផ្ទះ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះបានចំនួន២០៦ខ្នងផ្ទះ និងបានសម្បទានដីសង្គមកិច្ចជូនគាត់ចំនួនជាង២៧៦ហិកតា។បានប្រគល់ប្រាក់បេឡាមរណសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងមួយសពចំនួន៤លានរៀល សម្រាប់ធ្វើបុណ្យសពបានទាន់ពេលវេលា និងបានសហការជាមួយលោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការអបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អ៊ំ ពូ មីង ជាវីរអតីតយុទ្ធជន ទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេលកន្លងទៅ។
នៅក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នៅពេលនេះបងប្អូនអតីតយុទ្ធជនចំនួន២០៦គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ភូមិអតីតយុទ្ធជននៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំផងដែរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





