ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៣០គ្រួសារក្នុងក្រុងបាត់ដំបងទទួលអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥-- អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារនៅខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារ រស់នៅក្នុងភូមិអូរខ្ជារ និងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានណែនាំឱ្យមន្ត្រីក្រោមឱវាទក្នុងឱកាសចុះបំពេញបេសកម្មការងារគ្រប់ទីកន្លែងត្រូវធ្វើយ៉ាងណាលៃលកស្វះស្វែងចុះពិនិត្យ និងរកជនងាយរងគ្រោះបំផុត ដើម្បីនាំយកអំណោយជូនផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង ហើយនេះគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកោ និងមិនទទួលបានការយកចិត្តទុកដាក់បណ្ដាលឱ្យមានការដាច់ស្បៀងនោះទេ។ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរ ដើម្បីបានដឹងពីស្ថានភាពជីវភាព និងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានបញ្ជ្រាបការផ្សព្វផ្សាយអប់រំសុខភាព និងអនាម័យដោយផ្ទាល់ព្រោះថា ការអប់រំសុខភាព និងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដូចជានៅពេលនេះដែរគឺប្រជាពលរដ្ឋភាគច្រើនមានរបរញែកសំរាមអេតចាយ។ ដូច្នេះសូមពាក់ម៉ាស់ និងត្រូវមានអនាម័យជានិច្ច ហើយមានតែការថែទាំសុខភាពឱ្យបានល្អតាមរយៈការរស់នៅមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុក និងត្រូវផឹកទឹកឆ្អិន ជាពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជា កុំហូបផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។

សូមជម្រាបជូនថា អំណោយផ្តល់ជូនរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





