សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន
AKP កណ្ដាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណៈកម្មាធិការស.ស.យ.ក.ខេត្ត ប្រធានគណៈកម្មាធិការ ស.ស.យ.ក ក្រុង-ស្រុក ព្រមទាំងសមាជិកសមាជិកាប្រមាណ ៥០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញបេសកកម្ម និងសកម្មភាពសង្គមនានាក្នុងខេត្ត កាលពីពេលកន្លងមកដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសង្គមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងដំណើរការប្រព្រឹត្តទៅក្នុងសង្គម និងការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។

កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក បានអនុវត្តកន្លងមក ក៏ដូចជាកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារ ស.ស.យ.ក ខេត្តកណ្តាលទាំងមូល។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ស.ស.យ.ក គ្រប់ថ្នាក់ទាំងជំរុញយន្តការនៃការផ្ដល់ឈាមឱ្យបានទៀងទាត់ជារៀងរាល់ខែតាមបណ្ដាក្រុង-ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត និងត្រូវបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។
សូមបញ្ជាក់ថា បើតាមរបាយការណ៍សកម្មភាពការងារចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ របស់ស.ស.យ.ក ខេត្តកណ្តាល ស.ស.យ.ក ខេត្ត បានកសាងកម្លាំងយុវជនពីស្រទាប់យុវជនគ្រប់មជ្ឈដ្ឋាននៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងក្រុមការងារនៅតាមវិស័យក្នុងខេត្ត សរុបចំនួន ១១ ១៩៩នាក់ ស្រី៤ ៣៩១នាក់ ក្នុងនោះកម្លាំងយុវជនជាយុវជនជាសិស្សានុសិស្ស និសិស្សនៅតាមក្រុង ស្រុក ឃុំ សង្កាត់ និងវិទ្យាល័យគឺជាកម្លាំងស្នូលដែលមានសក្តានុពល ក្នុងការអនុវត្តការងារសង្គម មនុស្សធម៌ បរិស្ថាន កីឡា អប់រំ និងសកម្មភាពផ្សេងៗទៀតបម្រើឱ្យកិច្ចការសង្គម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





