វគ្គអប់រំស្តីពី "សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា" រៀបចំឡើងក្នុងស្រុកថ្មពួក ជំរុញការយល់ដឹងពីតួនាទីពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដ៏សំខាន់មួយស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបក្នុងស្រុក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់នៃការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ។ ពិធីបើកវគ្គនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ ក្នុងឱកាសនោះ លោក យ៉ង យឺន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ខាត់ ភ័ណ អភិបាលរងស្រុក តំណាងលោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកថ្មពួក ក៏បានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។

ថ្លែងទៅកាន់អង្គពិធីនេះ ឯកឧត្ដម ខន កែវមនោ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ។ «ការបោះឆ្នោតមិនមែនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិទ្ធិដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូបក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិទៅរកវឌ្ឍនភាព។ សំឡេងឆ្នោតតែមួយសន្លឹកៗរបស់បងប្អូនទាំងអស់គ្នា មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះជាកម្លាំងចលករក្នុងការកសាងអនាគតប្រទេសជាតិប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ។» ការយល់ដឹងស៊ីជម្រៅអំពីនីតិវិធីនៃការបោះឆ្នោត ច្បាប់បោះឆ្នោត និងតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវដំណើរការបោះឆ្នោតមួយប្រកបដោយតម្លាភាព យុត្តិធម៌ និងសេរី។

ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកស្រី ខាត់ ភ័ណ អភិបាលរងស្រុកថ្មពួកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ.ជ.ប ដែលបានរៀបចំវគ្គអប់រំដ៏មានប្រយោជន៍នេះឡើងនៅស្រុកថ្មពួក។ «រដ្ឋបាលស្រុកថ្មពួក រីករាយនឹងសហការយ៉ាងពេញទំហឹងជាមួយ គ.ជ.ប និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបោះឆ្នោត។ យើងជឿជាក់ថា ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសយុវជន គឺជារឿងចាំបាច់ណាស់សម្រាប់អនាគតកម្ពុជាប្រកបដោយប្រជាធិបតេយ្យ និងការរីកចម្រើន។»
លោកស្រីក៏បានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋាននឹងបន្តផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោតឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅគ្រប់ភូមិឃុំ ដើម្បីធានាថាពលរដ្ឋគ្រប់រូបទទួលបានព័ត៌មានគ្រប់គ្រាន់ និងអាចអនុវត្តសិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ។

សូមជម្រាបថា វគ្គអប់រំនេះមិនត្រឹមតែផ្ដល់ចំណេះដឹងទាក់ទងនឹងនីតិវិធីបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ អាចផ្លាស់ប្ដូរយោបល់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វប្បធម៌ប្រជាធិបតេយ្យនៅកម្ពុជា។ ការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធានាថា រាល់ការបោះឆ្នោតនាពេលអនាគតនឹងប្រព្រឹត្តទៅប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





