ប្រធានបក្សកាន់អំណាចនៅកម្ពុជា ដាក់ចេញនូវវិធានការ ក្នុងករណីដែលថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងករណីដែលថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «យប់មិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាច ទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត»។ សម្តេចតេជោបានលើកឡើងថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ ១. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ២. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ ៣. បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជា មុនថៃបណ្តេញចេញដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ៥. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ ៦.បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»។ សម្ដេចតេជោ ក៏សូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ សម្តេចតេជោបានបន្តទៀតថា មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕
ដោយ៖ ជឹម ណារី





