បទយកការណ៍៖ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- សម័យកាលបច្ចេកវិទ្យាកាន់តែទំនើប ការចែកចាយព័ត៌មានក្លែងក្លាយ កាន់តែមានសន្ទុះលឿន តាមរយៈបណ្ដាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ។ ព័ត៌មានក្លែងក្លាយមានឥទ្ធិពលប៉ះពាល់ដល់សង្គមខ្លាំងណាស់ បើមិនមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចេះតែចែករំលែកដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវទេនោះ។

ដោយមើលឃើញពីផលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មាន បានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។

សង្គមជាតិរឹងមាំត្រូវការការផ្ដល់ព័ត៌មានពិត ផ្ដល់សេចក្ដីទុកចិត្តរឹតតែខ្លាំងដើម្បីរឹតចំណងសាមគ្គីជាតិជាធ្លុងមួយឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន ជៀសវាងការបែកបាក់ដោយការញុះញង់ភូតភរកុហកបោកប្រាស់ដោយមធ្យោបាយទុច្ចរិត អុចអាលបញ្ឆេះកំហឹងពីក្រុមមួយទៅក្រុមមួយឱ្យឈ្លោះគ្នាជាហេតុនាំឱ្យវិនាសអន្តរាយ។ ព័ត៌មានក្លែងក្លាយ ក៏ផ្ដល់ភាពមន្ទិលសង្ស័យគ្នាជាដើមចមឈានដល់ការបែកបាក់គ្នាក្នុងគ្រួសារ សហគមន៍ ប្រទេសជាតិ រហូតដល់ប្រទេសនិងប្រទេសក៏មាន។

សម្រាប់ចំណាត់ការរបស់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការ បានជំរុញយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត មានគុណភាពសម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌បានឱ្យដឹងថា សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ក្នុងរាជធានីភ្នំពេញ ទីតាំងនានាក្នុងទីរួមខេត្តសៀមរាប នៅរង្វង់មូលគ្រួសារដំរី រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងនៅតាមទីសាធារណផ្សេងៗទៀតតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។

ថ្មីៗនេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។

ឯកឧត្ដម ទេព អស្នារិទ្ធ បានបង្ហាញការយល់ឃើញថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនចៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានលើកឡើងថា ទម្លាប់ល្អទាំង៤នោះគឺ៖ ទី១. បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ។ ទី២. កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាន និងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ ទន្ទឹមនេះ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត។ ទី៣. ចាប់យកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរដ្ឋ និងឯកជន ទាំងប្រពៃណីនិងទំនើប និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ហើយត្រូវលើកទឹកចិត្តដល់អ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។ និងទី៤. ចែករំលែក ផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន មានប្រភពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់គ្រួសារ អ្នកនៅជុំវិញខ្លួននិងខ្លួនឯងផ្ទាល់ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់ការរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់និងសន្តិសុខក្នុងសង្គម។

គ្រាន់តែនិយាយពីព័ត៌មានក្លែងក្លាយភ្លាម ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសម្ព័ន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា បង្ហាញអារម្មណ៍ពេញចិត្តចំពោះក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលនិងបានកោតសរសើរក្រសួងព័ត៌មានដែលមានចំណាត់ការច្បាស់លាស់មិនឱ្យរឿងមិនពិតក្លាយជាកាតាលីករបំពុលសង្គមធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

រាងស្ដើងតូចច្រឡឹងតែសំឡេងឮខ្លាំង ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត បានអះអាងថា ព័ត៌មានក្លែងក្លាយមានឥទ្ធិពលណាស់ចំពោះប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកសារព័ត៌មានក៏រងផលអវិជ្ជមានពីព័ត៌មានក្លែងក្លាយដែរ ព្រោះអាចធ្វើឱ្យអាន អ្នកស្ដាប់ អ្នកទស្សនា លែងទុកចិត្តលើប្រពន្ធផ្សព្វផ្សាយ។

ចំពោះវិស័យសេដ្ឋកិច្ចវិញ ក៏រងព្យុះភ្លៀងពីព័ត៌មានក្លែងក្លាយ ព្រោះវាធ្វើឱ្យអ្នកវិនិយោគមិនហ៊ានមកបណ្ដាក់ទុនរកស៊ីនៅស្រុកយើងដោយសារជនមួយចំនួនផលិតមាតិកាព័ត៌មានដែលបង្ហាញខ្លឹមសារខុសពីការពិត បន្តុះបង្អាប់ ញុះញង់អុចអាលធ្វើឱ្យគេមើលឃើញសង្គមកម្ពុជាហាក់ដូចជាខ្មៅងងឹតមានភាពចលាចល អស្ថិរភាពនយោបាយ អសន្តិសុខក្នុងការរស់នៅ នាំឱ្យវិនិយោគិនបរទេសដូរចិត្តទៅធ្វើពាណិជ្ជកម្មក្នុងប្រទេសដទៃវិញ។

ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ព័ត៌មានក្លែងក្លាយនេះក៏អាចប៉ះពាល់ដល់សន្តិសុខជាតិ នាំឱ្យអង្គការជាតិ និងអន្តរជាតិវាយតម្លៃថាសង្គមយើងមិនល្អ។ អ៊ីចឹងហើយបានគ្រប់ប្រទេសទាំងអស់លើពិភពលោក គេខិតខំទប់ស្កាត់ណាស់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព្រោះព័ត៌មានជាអំណាចមួយដ៏ធំ ជាអំណាចសតិអារម្មណ៍»។

ដោយមើលឃើញពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយចំពោះសង្គមនិងព្រះពុទ្ធសាសនាខ្លាំងពេក ព្រះគ្រូហេមសីលាចារ្យ ហៀង ពេក ជីវសុទ្ធោ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ បានជំរុញឱ្យប្រជាពលរដ្ឋវៀរចាកនូវ វចីទុច្ចរិត៤ គឺ៖ការមិននិយាយកុហក ញុះញង់ ទ្រគោះបោះបោក និងរោយរាយឥតប្រយោជន៍ ច្រើនពេក។ ព្រះគ្រូហេមសីលាចារ្យ មានថេរដីកាថា៖ «ហេតុដែលកើតឡើងក្នុងសង្គម មកពីយើងទាំងអស់គ្នាមិនគោរពច្បាប់ វិន័យ និងវិជ្ជាជីវៈរបស់ខ្លួន»។ ដូច្នេះ ដើម្បីទប់ស្កាត់ហេតុដែលកើតឡើងក្នុងសង្គម និងដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ អ្នកបួសក្នុងព្រះពុទ្ធសាសនាត្រូវគោរពវិន័យសម្រាប់ប្រតិបត្តិតាម ហើយប្រជាពលរដ្ឋត្រូវគោរពច្បាប់។ ចំណែកឯ អ្នកធ្វើការងារត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន។

សម្រាប់ព័ត៌មានក្លែងក្លាយកំពុងស្ថិតនៅក្នុងចំណោមរឿងរាវមួយដែលទទួលបានការចាប់អារម្មណ៍ និងការតាមដានពីសំណាក់ពលរដ្ឋមិនថាក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសនោះឡើយ។ សម្រាប់ការគ្រោះថ្នាក់ដែលកើតចេញពីព័ត៌មានក្លែងក្លាយកំពុងតែមានទំហំធំធេងគួរឱ្យកត់សម្គាល់ និងកំពុងជះផលអវិជ្ជមានដល់សង្គម ក៏ដូចជាសេដ្ឋកិច្ច។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តេឡេក្រាម តិកតុក និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនទៀតកំពុងត្រូវបានលុកលុយ និងបំពុលដល់អ្នកប្រើប្រាស់។ ដោយសារកត្តាទាំងអស់នេះហើយទើបធ្វើឱ្យពលរដ្ឋ យុវជន សិស្ស និស្សិតកំពុងជួបការលំបាកក្នុងការកំណត់ថាព័ត៌មានណាជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។
ជុំវិញបញ្ហានេះ កញ្ញា លី សៀកជូ រស់នៅរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា កំណើនព័ត៌មានក្លែងក្លាយនេះហាក់មានមានសន្ទុះខ្លាំង នៅក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីផ្តល់ និងទទួលព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម វើសអាប់ និងតិកតុក ជាដើម។ យុវសិស្សរូបនេះបានលើកឡើងថា៖ «តាមពិតវាពិតជាលំបាកក្នុងការវែកញែកថាព័ត៌មានណាក្លែងក្លាយ ឬព័ត៌មានពិតដែរ បើយើងមិនបានពិនិត្យដិតដល់ទេ។ រៀងរាល់ថ្ងៃគេតែងឃើញមានការចែករំលែកជាច្រើនទាំងលក្ខណៈអត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗយ៉ាងច្រើន»។
តែទោះបីយ៉ាងណាក្តី កញ្ញា លី សៀកជូ បានលើកឡើងថា បើយើងចេះវែកញែក ឬចេះមើលពីអង្គភាពសារព័ត៌មានធំៗដែលបានផ្សព្វផ្សាយដូចជា ក្រសួងព័ត៌មាន ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ទូរទស្សន៍ជាតិ និងកាសែតធំៗក្នុងប្រទេសវិញឃើញថាព័ត៌មានទាំងនោះជាព័ត៌មានពិត ហើយកម្រនឹងផ្សាយពីព័ត៌មានមិនពិតណាស់ ។ ផ្ទុយមកវិញ បើជាព័ត៌មានចែករំលែកគ្មានប្រភពច្បាស់លាស់ ឬជាមាតិកាផលិតព័ត៌មានដើម្បីទាក់ទាញ ដែលច្រើនតែជាព័ត៌មានក្លែងក្លាយ ភាគច្រើនគេបង្ហោះដើម្បីបានអ្នកចូលមើលច្រើន ឬទទួលការចាប់អារម្មណ៍តែប៉ុណ្ណោះ។
ដោយឡែកលោក ប៊ុន វិត រស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា លោកពុំបានចាប់អារម្មណ៍ថាព័ត៌មានណាក្លែងក្លាយ ឬព័ត៌មានពិតនោះទេ តែមួយរយៈចុងក្រោយនេះក្រោយក្រសួងព័ត៌មានផ្សព្វផ្សាយទើបដឹងថា ព័ត៌មានក្នុងបណ្ដាញសង្គមមួយចំនួនយើងគួរប្រុងប្រយ័ត្ន ហើយបើពុំបានប្រុងប្រយ័ត្នទេវាបង្កផលអាក្រក់ខ្លាំងណាស់។ លោកលើកឡើងថា ព័ត៌មានក្លែងក្លាយនេះមិនត្រឹមតែផ្នែកនយោបាយទេសូម្បីតែសង្គម សុខភាព ឬអ្វីផ្សេងៗទៀតក៏ក្រុមមនុស្សមួយចំនួនបង្កើតឡើងដើម្បីកេង ចំណេញផលប្រយោជន៍ក្រុម ឬបុគ្គលផ្ទាល់ខ្លួនរបស់គេដែរ។ លោក ប៊ុន វិត បានសង្កត់ធ្ងន់ថា៖ «ក្រុមមនុស្សដែលបង្កើតព័ត៌មានក្លែងក្លាយមិនក្រៅពីអ្វីដែលពួកគេត្រូវការផលប្រយោជន៍ផ្ទាល់ខ្លួន ឬសេដ្ឋកិច្ចផ្ទាល់ខ្លួន ឬក្រុមខ្លួនទេ។ ព័ត៌មានទាំងនេះវាជះផលអាក្រក់ទាំងសង្គមជាតិ សង្គមគ្រួសារ ដែលយើងគួរប្រុងប្រយ័ត្នជានិច្ច»។
ទាក់នឹងព័ត៌មានក្លែងក្លាយនេះដែរ លោក លោក ផាន់ ផុន រស់នៅ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្ននេះបើមើលលើបណ្តាញសង្គមហ្វេសប៊ុក គឺមានព័ត៌មានច្រើនរាប់មិនអស់ តែក្នុងចំណោមនេះព័ត៌មានក្លែងក្លាយក៏មានច្រើនដែរ។ លោកនិយាយថា បញ្ហាព័ត៌មានក្លែងក្លាយនេះ មិនថាកម្ពុជាទេ នៅគ្រប់ប្រទេសលើពិភពលោកគឺដូចគ្នា ម្ល៉ោះហើយវាជាផលលំបាកបើយើងមិនបានប្រុងប្រយ័ត្នពីវាទេ។
បុរសវ័យជាង៥០ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងថា៖ «ខ្ញុំគិតថាមុនជឿ ឬចែករំលែកបន្តយើងគួរមានការប្រុងប្រយ័ត្ន។ រឿងរាវខ្លះមិនត្រឹមគ្រោះថ្នាក់ដោយត្រូវចំណាយប្រាក់កាសទេ តែវាឈានដល់គ្រោះថ្នាក់ដល់សង្គម ឬប្រទេសជាតិថែមទៀត។ អ្វីដែលសំខាន់យើងត្រូវចេះផ្ទៀងផ្ទាត់ និងពិនិត្យប្រភពច្បាស់លាស់ទើបចៀសផុតនូវព័ត៌មានក្លែងក្លាយទាំងនេះ។»
សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដឹកនាំដោយក្រសួងព័ត៌មាន មានគោលដៅធានា និងការពារសិទ្ធិ និងសុវត្ថិភាពក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។ ជាមួយគ្នានេះដែរ សម្រាប់ពលរដ្ឋ អ្នកប្រើប្រាស់ អ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងអ្នកចែកចាយព័ត៌មានបែបឌីជីថលទាំងអស់ ចូលរួមទប់ស្កាត់ និងឈានទៅបញ្ចប់ ចរាចរ ព័ត៌មានក្លែងក្លាយក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ។
ជាមួយនឹងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» ចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមបើកយុទ្ធនាការនេះដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួន ១ ៣៩៩ ករណី៕
ដោយ៖ គង់ សិរីរ័ត្ន, មករា និង រិទ្ធី





