ក្រុមប្រឹក្សាខេត្តកណ្តាលបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៣ អាណិត្តទី៤ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ ដោយកិច្ចប្រជុំនេះទទួលបានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមកទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បានជម្រាបជូនដល់ក្រុមប្រឹក្សាខេត្តអំពីការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ចុះពីផ្លូវជាតិលេខ៥ ចូលភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកំសាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសសម្រាប់កាត់បន្ថយការកកស្ទះចរាចរណ៍នៅពេល មានរៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង ជាតំបន់ដែលមានការលិចទឹក៦ខែ និងគោក៦ខែ ពិបាកក្នុងការធ្វើដំណើរ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់ក្រុមមន្ត្រីបច្ចេកទេសត្រូវចុះទៅសិក្សា ដើម្បីត្រៀមរៀបចំផែនការសាងសង់ផ្លូវខ្ពស់ផុតទឹក ដែលប្រកបដោយគុណភាព ធានាដល់ការប្រើប្រាស់បានយូរ ជូនប្រជាពលរដ្ឋនៅតំបន់នោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងអំពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងបានជម្រាបអំពីជំហរ និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ សូមប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះបាន។ ជាពិសេស សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើងទាំងសម្ភារ ថវិកា និងស្មារតីទៅតាមលទ្ធភាពរៀងៗខ្លួនដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





