ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌា សហការរៀបចំទិវាយូហ្គាអន្តរជាតិ ឆ្នាំ២០២៥ ខួបលើកទី១០
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌា បានសហការរៀបចំខួបលើកទី១០ ទិវាយូហ្គាអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផែនដីតែមួយ និងសុខភាពតែមួយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរម្លឹកដល់ប្រពៃណីនៃការហាត់យូហ្គាបែបបុរាណ ដែលជាទស្សនៈ និងការអនុវត្តលំហាត់ប្រាណដើម្បីសុខភាពរាងកាយ និងផ្លូវចិត្ត។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា ការហាត់យូហ្គាជាប្រចាំគឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងប្រាជ្ញាស្មារតី ប្រកបដោយភាពធន់ទៅនឹងអាកាសធាតុ និងបរិយាកាសនៃជីវិតប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះ លោកជំទាវបានលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់បន្តហាត់យូហ្គានេះដោយខ្លួនឯងជាប្រចាំនៅផ្ទះ ដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត បង្កើនថាមពលសម្រាប់កម្លាំងកាយ និងកម្លាំងចិត្ត៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





