សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកាជាលើកទីពីរចំនួន ៥០លានរៀល និងអំណោយមនុស្សធម៌ជូនសាខាខេត្តព្រះវិហារ និងថវិកាចំនួន១០០លានរៀល ជូនសាខាខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- ដោយឆ្លើយតបតាមសំណូមពររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភជាលើកទី២ នូវថវិកាចំនួន៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងអំណោយជាស្បៀង និងសម្ភារ ចំនួន១.០០០ គ្រួសារទៀត។

អំណោយជាស្បៀង និងសម្ភារ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋទាំង ១ពាន់គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ មានស្រុកជាំក្សាន្ត ស្រុកគូលែន និងស្រុកសង្គមថ្មី ដែលក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។
ទន្ទឹមនឹងនេះ ក្នុងថ្ងៃទី១២ ខែមិថុនានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានសម្រេចឧបត្ថម្ភថវិកាចំនួន១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារយុទ្ធជនសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
សូមរំលឹកថា ការឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង សម្ភារចំនួន៥០០គ្រួសារ ជូនសាខា ខេត្តព្រះវិហាររួចមកហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





