សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំពិធីថ្វាយព្រះពរសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងកម្មវិធីបរិច្ចាគឈាម
AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីថ្វាយព្រះពរសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្ម៨៩យាងចូល៩០ព្រះវស្សា ព្រមទាំងរៀចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៥ ក្រោមប្រធានបទ “បរិច្ចាគឈាមគឺជួយជីវិត” ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងត្រូវការឈាម ជារៀងរាល់ថ្ងៃ។

ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្ដែងការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាម្ចាស់ ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរជាងរយព្រះវស្សា។

ឯកឧត្តមបានបន្តថា ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំទទួលការបរិច្ចាគឈាមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ដែលមានសុខភាពល្អ នឹងស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីរួមចំណែក ជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងត្រូវការឈាម ជារៀងរាល់ថ្ងៃ។

ឯកឧត្តមបានបន្ថែមថា ការបរិច្ចាគឈាមគឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាមមិនត្រឹមតែមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹង កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំរុញការបង្កើតគ្រាប់ឈាមថ្មីជាដើម។ហើយការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្ដល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាប ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដែលមានតម្រូវការឈាមផងដែរ៕


ដោយ ឃុត សៅ





