អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់ពលរដ្ឋត្រូវក្លាហានលើកពីកង្វល់និងបញ្ហារបស់ខ្លួន
AKPកំពង់ធំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវក្លាហានលើកពីកង្វល់និងបញ្ហាប្រឈមរបស់ខ្លួននៅក្នុងឱកាសដែលលោកនិងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកអាណតិ្តទី៤នៅឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំនាព្រឹកថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២៥។

ក្នុងឱកាសនាំលោកសាយ គឹមឡមបាន ជំរុញដល់អាជ្ញាធរឃុំចំណាលើត្រូវសិក្សាស្វែងយល់ពីសុខទុក្ខសុខុមាលភាពនិងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្លួនឱ្យបានលម្អិតនិងច្បាស់លាស់បំផុតដើម្បីពិនិត្យលទ្ធភាពក្នុងប្រើប្រាស់ថវិកាមូលនិធិឃុំឬសប្បុរសជនដើម្បីឆ្លើយតបឱ្យត្រូវគោលដៅនិងជាអាទិភាពបំផុតជាពិសេសទាំងតម្រូវការប្រចាំថ្ងៃនិងការផ្ដល់សេវាទូទៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនេះលោកសាយ គឹមឡម បានអំពាវនាវដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាទំពាំងស្នងឬស្សី ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយបានណែនាំដល់អាណាព្យាបាលក៏ដូចជាជំនាញមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀននិងប្រយុទ្ធប្រឆាំងឱ្យខាងតែបាននូវការលប់បំបាត់គ្រឿងញៀនឱ្យអស់ពីសង្គម។

លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក បានកោតសរសើរនិងលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរឃុំចំណាលើត្រូវខិតខំអភិវឌ្ឍន៍ឥរិយាបថនិងផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀតហើយបានថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាននិងឧតុនិយមនិងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវបេតុងប្រវែងជាង ១០គីឡូម៉ែត្រ កម្រាស់ ០,២ម៉ែត្រ នៅក្នុងឃុំចំណាលើ និងឃុំចំណាលក្រោម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការឆ្លើយតបនឹងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧៕


ដោយ៖ ស៊ុម វណ្ណា





