សម្តេចមហាបវរធិបតី ឯកភាពបើកសម្ពោធជាផ្លូវការផ្លូវ ថ្មើរជើងចតុមុខ Walk Streetថ្ងៃ២១ មិថុនា២០២៥នេះ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានឯកភាពជាអធិបតីភាពក្នុង បើកសម្ពោធជាផ្លូវការផ្លូវ ថ្មើរជើងចតុមុខ Walk Street នៅថ្ងៃ២១ មិថុនា២០២៥នេះ បន្ទាប់ពីផ្លូវថ្មើរជើងWalk Streetបានបើកឱ្យដំណើរការ បណ្ដោះអាសន្នអស់រយៈពេល៦ ខែកន្លងមក(០១ កុម្ភៈ ២០២៥) ដោយទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឃនភាព នៃការត្រៀមកម្លាំងរៀបចំសណ្ដាប់ធ្នាប់ជុំវិញពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខWalk Street ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៏ទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែមកនេះ បានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបើកសម្ពោធជាផ្លូវការ ហើយត្រូវបានសម្តេចមហាបវរធិបតីឯកភាពដោយនឹងធ្វើពិធីសម្ពោធជាផ្លូវការនាថ្ងៃទី២១ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការប្រារព្វពិធីនេះ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street)នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី GALAXY អ្នកឧកញ៉ាឡេងណាវាត្រា,ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះរបស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ,ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌានិងស្ថានទូតប្រទេសម៉ាឡេស៊ីផងដែរ។

សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើងWalk Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២៥ (រយៈពេលប្រមាណ៦ខែ) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨:០០នាទី រហូតដល់ម៉ោង២៣:០០ នាទីយប់នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤)រហូតដល់មុខព្រះបរមរាជវាំងស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕


ដោយ៖ សួស សំរិត





