សាវម៉ាវសំឡូតឆ្នាំនេះបានទិន្នផលទាប ប៉ុន្តែតម្លៃនៅលើទីផ្សារល្អ
AKP បាត់ដំបង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥-- អំឡុងពាក់កណ្តាលខែមិថុនានេះ កសិករដាំសាវម៉ាវនៅស្រុកសំឡូត ខេត្តបាត់ដំបង កំពុងរីករាយប្រមូលផល។ រីឯតម្លៃនៅលើទីផ្សារក៏ល្អប្រសើរបើទោះបីជាកាលពីដើមឆ្នាំជួបគ្រោះធម្មជាតិរាំងស្ងួតខ្លះៗបណ្ដាលឱ្យទិន្នផលសាវម៉ាវមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែសម្រាប់ការលក់ចេញគឺមានប៉ុន្មានក៏ឈ្មួញទទួលទិញដែរ។

លោក សយ នី កសិកររស់នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃលោកមានដើមសាវម៉ាវនៅក្នុងចម្ការចំនួន៨០០ដើម និងទុរេនចំនួន៧០ដើមនោះ ហើយសាវម៉ាវឆ្នាំនេះឈ្មួញប្រមូលទិញខ្លាំង។ នៅស្រុកសំឡូតក៏មានពលរដ្ឋដាំដំណាំប្រភេទនេះច្រើនកន្លែងណាស់ ដូចជានៅឃុំស៊ុង និងឃុំសំឡូតជាដើម។

លោក សយ នី បានបញ្ជាក់ថា លោកមានដីមិនធំប៉ុន្មានទេ ប៉ុន្តែលោកអាចដាំដំណាំពីរប្រភេទនេះ បានច្រើនបង្គួរ ហើយនៅពេលនេះសាវម៉ាវទុំស្រុះគ្នាល្អហើយក៏មានម៉ូយមកប្រមូលទិញដល់ចំការក៏មានអ្នកទិញតាមទូរសព្ទក៏មានច្រើនគួរសមណាស់ដែរ។ កាលពីបេះដំបូង លោកអាចលក់បានតម្លៃ ៨.០០០ រៀលក្នុងមួយគីឡូក្រាម ហើយជាទូទៅ សាវម៉ាវនឹងធ្លាក់តម្លៃបន្តិចម្ដងៗមកវិញ ដោយសារតែវាសម្បូរណ៍ពេកពេលកសិករប្រមូលផលដំណាលគ្នា ដូច្នេះតម្លៃនិងធ្លាក់មកនៅ ៦.០០០រៀល ឬក៏៥.០០០រៀលក្នុងមួយគីឡូក្រាម។

លោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះទិន្នផលសាវម៉ាវរបស់លោកមានការធ្លាក់ចុះ ដោយសារតែគ្រោះធម្មជាតិ ដូចជាភ្លៀងធ្លាក់ជោគជាំពេក និងខ្យល់កន្ត្រាក់បោកបក់ម្ដងៗ ដែលធ្វើឱ្យផ្លែសាវម៉ាវរបេះធ្លាក់ចេញពីដើម ដូច្នេះទិន្នផលអាចទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែសម្រាប់តម្លៃនៅលើទីផ្សារគឺអាចចាត់ទុកថាល្អជាងឆ្នាំទៅមិញ។

លោក សយ នី បាននិយាយថា ផ្លែសាវម៉ាវទុំលោកបេះឱ្យម៉ូយគឺមានប៉ុន្មានអស់ប៉ុណ្ណឹង ដោយលោកមិនចាំបាច់ដឹកយកទៅលក់នៅលើទីផ្សារនោះឡើយ។ ឆ្នាំនេះសាវម៉ាវសំឡូតត្រូវបានបញ្ចេញលក់ទៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាច្រើនស្ទើរតែមិនទាន់ទុំមិនទាន់ ទោះជាមិនបានលក់ទៅផ្សារព្រំដែនក៏ដោយ។ បើមានដីទំនេរនៅសល់លោកនឹងដាំដំណាំប្រភេទនេះបន្ថែមទៀតព្រោះសាវម៉ាវលក់ស្រួលជាងផ្លែឈើអ្វីៗទាំងអស់សាវម៉ាវមួយដើមអាចហុចផលពី១០០ ទៅ២៥០គីឡូក្រាមក្នុងមួយរដូវដែលអាចផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់អ្នកប្រកបរបរនេះ៕
ដោយ សុផល





