កម្លាំងជំនាញចម្រុះបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥-- នៅក្នុងរដូវបិទនេសាទឆ្នាំ២០២៥នេះ កម្លាំងជំនាញចម្រុះបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយលោកវរសេនីយ៍ទោ គិត ចាន់ នាយរងសេនាធិការនៃទីបញ្ជាការស្រាលឈរជើងនៅចំណុចព្រែកធ្លក (យោធភូមិភាគទី ៤) បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចជ្រោយតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញឹក០៧របាំងប្រវែង១០៥០ម៉ែត្រ របាំងស្បៃមុងចំនួន២១របាំងប្រវែង១០៥០ម៉ែត្រ ឡុកចំនួន៥៦គ្រឿង លប/លូចំនួន៥៦មាត់ បង្គោលចំនួន១៤៥០ដើម និងចាក់លែងកូនត្រីទម្ងន់១០គីឡូក្រាមចូលទន្លេវិញ។

ទន្ទឹមនឹងនេះដែរ សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោក អនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចខ្វែងសណ្ដាន់ រហូតដល់ ខ្វែងតាសូ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំជាលទ្ឋផលអនុវត្តបាន០១ករណីដោយបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន÷ របាំងស្បៃមុងចំនួន១៦ របាំងប្រវែង៦៤០ម៉ែត្រ ឡុកស្បៃមុងចំនួន១៦គ្រឿង លូស្បៃមុងចំនួន៣២មាត់ បង្គោលឈើចំនួន៧៥០ ដើម។

ចំណែកឯសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក បានចុះល្បាតដីតំបន់៣ នៅចំណុចបឹងផ្ទោលកោះតាកែវ អូសទូកនិងបឹងពពាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រឡៅ ស្រុកតាំងគោក ជាក់ស្តែងក្រុមការងារពុំប្រទះឃើញមានបទល្មើសអ្វីគួរកត់សម្គាល់នៅទីនោះទេ៕

ដោយ ស៊ុម វណ្ណា





