ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅឃុំសាន់គ
AKP កំពង់ធំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងនាដើមរដូវវស្សាបានជន់លិចស្រូវវស្សារបស់ប្រជាកសិករធ្វើឱ្យរងផលប៉ះពាល់ និងខូចខាតនៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីជំនាញឱ្យត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជសម្រាប់ចែកជូនដល់បងប្អូនប្រជាកសិករដើម្បីពួកគាត់មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។ឯកឧត្តមបានផ្តាំផ្ញើជូនចំពោះបងប្អូនប្រជាកសិករនិងលើកទឹកចិត្តឱ្យខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត។

សូមជម្រាបថាយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ស្វាយ ស្ថានភាពឃុំដែលរងផលបប៉ះពាល់ និងខូចខាត ដោយគ្រោះទឹកជំនន់លើដំណាំស្រូវ។ស្រុកកំពង់ស្វាយមានផ្ទៃដីបង្កបង្កើនផលសរុបចំនួន ២៦៨៨៨ហិកតា ក្នុងនោះស្រូវស្រាលដើមរដូវចំនួន១១៩៦២ហិកតា។ ផ្ទៃដីដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងចំនួន៦៣៨ ហិកតាស្មើនឹង៥៤៦គ្រួសារ៕


ដោយ ស៊ុម វណ្ណា





