អគ្គកុងស៊ុលវៀតណាមជម្រាបលាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យក្រោយបញ្ចប់អាណត្តិ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥--គណៈប្រតិភូអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុល បានអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្រោយពីឯកឧត្ដមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្ដៅ ដោយមានការចូលរួមពីឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានផ្ដល់ជូនក្នុងរយៈពេលបំពេញបេសកកម្មរបស់ឯកឧត្ដមនៅកម្ពុជា និងបានគូសបញ្ជាក់ថា ខេត្តបន្ទាយមានជ័យដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ជាពិសេសផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌។

ឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ ក៏បានរំលេចអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ និងសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀតនាពេលអនាគត ទោះបីជាឯកឧត្ដមបានបញ្ចប់អាណត្តិទៅហើយក្ដី។ ឯកឧត្ដមបានប្ដេជ្ញាចិត្តថានឹងបន្តរួមចំណែកក្នុងការកសាង និងពង្រឹងទំនាក់ទំនងដ៏ល្អនេះ ទោះក្នុងតួនាទីណាក៏ដោយ។

ជាការឆ្លើយតប ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងរបស់ឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដមអភិបាលខេត្តបានលើកឡើងថា ក្នុងអាណត្តិរបស់ឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តជាប់ព្រំដែនវៀតណាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគឺការសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ការផ្លាស់ប្ដូរទំនិញ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ ឯកឧត្ដម អ៊ុំ រាត្រី បានជូនពរឯកឧត្ដម ង្វៀន ថាញ់ វ៉ាន់ ទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មី និងសង្ឃឹមថាឯកឧត្ដមនឹងបន្តគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាជានិច្ច។

ជំនួបដ៏មានអត្ថន័យនេះបានបង្ហាញយ៉ាងច្បាស់អំពីភាពរឹងមាំនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ៕
ដោយ ឈុន សារ៉ាត





