សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហាសមុទ្រមិនអាចទ្រហោយំរៀបរាប់ពីការឈឺចាប់របស់វាបានទេ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥–ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៨-១១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបានថ្លែងបញ្ជាក់ថា មហាសមុទ្រមិនអាចទ្រហោយំរៀបរាប់ពីការឈឺចាប់របស់វាបានទេ វាត្រូវតែពឹងផ្អែកលើយើង សំឡេងរបស់យើង ដែលក្នុងន័យនេះសម្តេចបវរធិបតីបានអំពាវនាវឱ្យមានសកម្មភាពរួមប្រកបដោយក្តីក្លាហាន ឱ្យមានការបង្រួបបង្រួមគ្នាប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងដើម្បីមនុស្សជំនាន់ក្រោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃបេសកកម្មចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ជាការពិតសន្និសីទអង្គការសហប្រជាជាតិស្តីពីមហា សមុទ្រលើកទី៣នេះ វាគឺជាព្រឹត្តិការណ៍សែនសំខាន់ ប៉ុន្តែក៏សំខាន់ណាស់ដែរ អ្វីៗដែលប្រព្រឹត្តិទៅនៅក្រៅក្របខ័ណ្ឌផ្លូវការនៃសន្និសីទនោះ រួមមាន ជាពិសេសជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសនេះជា មួយមេដឹកនាំនៃប្រទេសនោះ ហើយក្នុងន័យនេះសម្តេចបវរធិបតីបានឆ្លៀតជួបជាទ្វេភាគី សំណេះ សំណាលជាមួយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល និងបណ្តារដ្ឋមន្ត្រីនៃប្រទេសជាច្រើនមកពីគ្រប់ទិសទីនៃពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបជាអាទិ៍ជាមួយឯកឧត្តមប្រធានាធិបតីបារាំង ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានាធិបតីតាជីគីស្ថាន នាយករដ្ឋមន្ត្រីកូឌីវ័រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៊ែលហ្ស៊ិកជាដើម។
ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ បានថ្លែងថា មានថ្នាក់ដឹកនាំជាង១៥០ប្រទេសមកពីជុំវិញពិភពលោកបាន ចូលរួមនាសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំងនេះ ក្នុងនោះមានជិត៦០រូបគឺជាប្រមុខរដ្ឋ ឬជាប្រមុខរដ្ឋាភិបាល ម្លោះហើយតាមរយៈការចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងអនុសញ្ញាស្តីពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យជាតិ (BBNJ) នៅចំពោះមុខ ថ្នាក់ដឹកនាំកំពូលៗមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យពិភព លោកមើលឃើញថា នៅទីណាដែលពហុភាគីនិយម ដែលអភិបាលកិច្ចពិភពលោកត្រូវបានឱ្យតម្លៃ គឺត្រូវតែមានមុខប្រទេសកម្ពុជា។
សូមជម្រាបជូនថា ក្នុងឱកាសនេះកម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារសមុទ្រ តាមរយៈការពង្រឹងតំបន់ការពារដែនសុមុទ្រពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ដែលក្នុងន័យនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាព សម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាពនឹងរួមបញ្ចូលទាំងការធានា នូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់មូលនិធិ ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការត្រួតពិនិត្យ និងការបង្កើតការអនុវត្តគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព៕
ដោយ៖ ចាន់ សុភឿន





