លោក ច័ន្ទថេត ថានរៈ អំពាវនាវឱ្យពលរដ្ឋចូលរួមដាំដើមឈើ និងការពាអភិរក្សព្រៃឈើ
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥-- លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអំពាវនាវពលរដ្ឋចូលរួមដាំដើមឈើ និងការពាអភិរក្សព្រៃឈើ ក្នុងឱកាសដែលរូបលោក និងសហការី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យថ្នាលបណ្តុះកូនឈើឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

លោកប្រធានមន្ទីរបានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។

លើសពីនេះ លោកបានថ្លែងថា ការដាំកូនឈើហូបផ្លែនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរទេ តែដើមឈើទាំងនោះនៅពេលហុចផ្លែ អាចផ្តល់នូវប្រាក់ចំណូលតាមរយៈការលក់ដល់ភ្ញៀវទេសចរសម្រាប់ការជួយបង្កើនជីវភាពប្រជាសហគមន៍ថែមទៀត និងបានសង្កត់ធ្ងន់ថា ការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ប្រជាពលរដ្ឋនិងសហគមន៍ មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានរួមចំណែកយ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ច បរិស្ថាន ទេសចរណ៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះវា នឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ។

គួរបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើ ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជា ថ្នាលបណ្តុះកូនឈើជាច្រើនប្រភេទក្នុងនោះមានដូចជា កូនឈើហូបផ្លែ កូនឈើប្រណីត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់និងបរិស្ថានបៃតងស្រស់ស្អាតល្អ ត្រូវបានបណ្តុះជាបន្តបន្ទាប់ហើយនឹងត្រូវយកទៅដាំតាមទីតាំងនានាក្នុងនោះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។ ជាមួយគ្នានោះ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះនឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ។ តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ៕

ដោយ លឹម សាន្ត





