រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពង្រឹងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍប្រាតិភោគដោយអនុប្បទាន
AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥-- លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបន្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទានទូទាំងខេត្ត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងមន្ទីរ-អង្គភាពជំនាញ តំណាងរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យសុរិយោដី មេឃុំ ចៅសង្កាត់ អាជីវករអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ។

ក្នុងឱកាសនោះ លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ព្រមទាំងជួយឱ្យការទិញ-លក់ អចលនទ្រព្យ មានដីឡូត៍ និងផ្ទះ អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ ដូចនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្សព្វផ្សាយតាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត សូមអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍ជាដើម។

ទន្តឺមនឹងនេះ លោកស្រីបានបន្តថា តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកា នាយកដ្ឋានគ្រប់គ្រងអាជីវកម្ម អចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងសំខាន់ៗចំនួន៥ រួមមាន៖ ទី១. ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។ ទី២. ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់។ ទី៣. បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ។ ទី៤. ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងទី៥. រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ទៀតថា សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងថវិការបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ស្របនឹងទស្សនទាន នៃអភិបាលកិច្ចល្អដែលបានលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវចេះធ្វើការងារជាមួយគ្នាដើម្បីផលប្រយោជន៍សាធារណៈ ហើយក្នុងនោះប្រជាពលរដ្ឋមានការអភិវឌ្ឍដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ៕

ដោយ បៃ ស៊ីថុន





