អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាកំពុងរៀបចំឯកសារពាក់ព័ន្ធដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទមាន់តូច និងប្រាសាទតាក្របី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥--អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ភាគីកម្ពុជាបានកំពុងតែប្រមូលឯកសារពាក់ព័ន្ធនានារួមទាំងមេធាវីដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ក្នុងកិច្ចសម្ភាស៍ជាមួយទូរសទស្សន៍ជាតិកម្ពុជានៅយប់ថ្ងៃទី១១មិថុនា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំឯកសារពាក់ព័ន្ធនានា រួមទាំងរកមេធារីជាតិ អន្តរជាតិពូកែៗដើម្បីធ្វើការតតាំងក្តីនៅតុលាការ ICJ។
ឯកឧត្តមបានអះអាងថា ទោះបីជាភាគីថៃប្រកាន់ជំហរមិនទៅតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិក្តីក៏ភាគីកម្ពុជានៅតែប្រកាន់ជំហរយកតំបន់៤ខាងលើប្តឹងទៅតុលាការICJដែរ។ ភាគីកម្ពុជាក៏បានធ្វើលិខិតជាផ្លូវការទៅភាគីថៃដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែននេះរួចហើយផងដែរ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖" បញ្ហាព្រំដែននេះយើងបានដោះស្រាយយូរហើយរហូតកើតអំពើហិង្សា ដែលរាជរដ្ឋាភិបាលថា មិនអាចទទួលយកបាននោះទេ។ ចំណុចដែលយើងប្រកាន់យក គឺនាំយករឿងនេះទៅតុលាការយុត្តិធម៌ អន្តរជាតិ ។ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា សុំឱ្យថៃសហការ ហើយថៃមិនសហការ ក៏រាជរដ្ឋាភិបាលបន្តចាត់នីតិវិធីដោយឯករាជ្យម្ចាស់ការដោយខ្លួនឯង។ ថៃមិនទៅក៏នៅតែបន្តទៅ "។
ឯកឧត្តមក៏បានលើកឡើងទៀតថា កាលពីថ្ងៃទី៦ មិថុនា រាជរដ្ឋាភិបាលក៏បាន បង្កើតឝណៈកម្មការមួយដើម្បីរៀបចំឯកសារ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។
ឯកឧត្តមថា៖"គណៈកម្មការនេះមានតួនាទីរៀបចំឯកសារ រកមេធាវីជាតិ អន្តរជាតិ ឱ្យឈរតំណាងនៅតុលាការដើម្បីតតាំងក្តី។ក្រសួងការបរទេសកម្ពុជា ក៏បានសរសេរលិខិតទៅសមភាគីថៃសហការក្នុងរឿងនៅតុលាការអន្តរជាតិដើម្បីបានយុត្តិធម៌ទាំងអស់គ្នា ហើយជាយុត្តិធម៌ មិនលម្អៀងយូរអង្វែងសម្រាប់ កូនចៅតទៅមុខទៀត"។
បើតាមការអះអាងរបស់អ្នកនាំពាក្យដដែលថាចាប់តាំងពីសម្តេចបវរធិបតីថាយកករណីខាងលើដាក់ទៅតុលាការយុត្តិធម៌ អន្តរជាតិ ក្រុមការងាររាជរដ្ឋាភិបាលបាន ធ្វើការងារនេះរហូត ដោយរកឯកសារ សំឡឹងមើលរកមេធាវីណាពូកែ និងកសាងឯកសារដាក់ទៅដើម្បូីធ្វើឱ្យសំណុំរឿងរឹងមាំ។
ឯកឧត្តមបានបញ្ជាក់ថា៖" នេះមិនមែនជារឿងតូចតាចទេ អ៊ីចឹងក្នុងការរកធនធានមនុស្ស ឯកសារ ត្រូវតែរឹងមាំ ទើបយកទៅតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយម្យ៉ាងជាសំណុំរឿងអធិបតេយ្យភាព បូរណភាពទឹកដី អ៊ីចឹងរាជរដ្ឋាភិបាលយកចិត្តទុកដាក់រឿងខ្លាំងណាស់ មិននិយាយតែមាត់នោះទេ គឺបានធ្វើសកម្មភាពជាក់ស្តែងហើយបានកំពុងធ្វើ "។
ពាក់ព័ន្ធនឹងការលើកឡើងពីមតិសាធារណៈជនថា សម្តេចបវរធិបតីដាក់រឿងតំបន់៤ខាងលើទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី២ មិថុនា នោះត្រូវបានអ្នកនាំពាក្យលើកឡើងថាចំណុចនេះរាជរដ្ឋាភិបាលមិនទាន់បានដាក់ពាក្យបណ្តឹង នោះទេ គឺកំពុងតែរៀបចំគណៈកម្មការរៀបចំឯកសារ ហើយនៅរួចរាល់នោះភាគីកម្ពុជានឹងដាក់ទៅតែម្តង។
ឯកឧត្តមថានៅថ្ងៃទី១៤មិថុនា នឹងមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា - ថៃ អ៊ីចឹងបានកម្ពុជារង់ចាំ ហើយនឹងដាក់របៀបវារៈទៅក្នុងកិច្ចប្រជុំនោះ ដោយស្នើឱ្យភាគីថៃបញ្ជាក់ជាផ្លូវការចុងក្រោយថា ទៅជាមួយកម្ពុជា ឬក៏អត់។តែយើងសុំឱ្យគាត់ទៅ ហើយទទូចឱ្យគាត់ទៅ។
ឯកឧត្តម ប៉ែន បូណាបានបញ្ជាក់ថា៖"យើងចង់ឱ្យគាត់ទៅ ហើយនៅពេលគាត់ទៅយើងដាក់សំណើទាំងពីរនាក់ តែបើគាត់មិនទៅក៏យើងនៅតែដាក់ដដែល នេះជាជំហររាជរដ្ឋាភិបាលបានបញ្ជាក់រួចហើយ"៕
ដោយ៖ ប៊ុនរិទ្ធ





