សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពតាមរយៈមូលនិធិ ស៊ីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព តាមរយៈមូលនិធិ ស៊ី ធី អិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា មូលនិធិ ស៊ីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។ សូមអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវ ដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំ។ សម្ដេចតេជោបន្តថា នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ សម្តេចតេជោលើកឡើងថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយការទូត និងផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ សម្តេចតេជោបញ្ជាក់ថា យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរ ជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា៖ «ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះ ចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។ សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យ ជាមួយកងទ័ពនិងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា»៕
ដោយ៖ ជឹម ណារី





