រកឃើញពូជស្រូវខ្មែរ ឈ្មោះ «ស្រូវកូនត្រី» ដែលកម្ពុជាបានតម្កល់ទុកនៅប្រទេសហ្វីលីពីនឆ្នាំ១៩៧២
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- ប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ «ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវ ក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) នៅប្រទេសហ្វីលីពីន តាំងពីឆ្នាំ១៩៧២មកម្ល៉េះ”។ នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម ឃឹម ហ្វី ណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា នៅទីនេះ យើងមានពូជស្រូវរបស់យើងជិត៥០០០ពូជ ដែលត្រូវបានរក្សាទុកយ៉ាងល្អ ក្នុងសីតុណ្ហភាព -២០អង្សា សម្រាប់បម្រើឱ្យគោលបំណងសិក្សាស្រាវជ្រាវ ឬស្នើសុំដើម្បីយកទៅបង្កាត់ពូជបន្ត។


ឯកឧត្តមបានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែរថា ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០ កម្ពុជាក៏ធ្លាប់ស្នើសុំពូជស្រូវប្រពៃណីដែលខ្លួនបានរក្សាទុកពីវិទ្យាស្ថាននេះចំនួន ៧៦៦ពូជ ដើម្បីស្តារពូជស្រូវសំខាន់ៗដែលបានបាត់បង់នៅក្នុងសម័យកាលសង្គ្រាមផងដែរ៕


ដោយ៖ មករា





