ឯកសារនៃការវិនិច្ឆ័យក្បាលដីប្រជាពលរដ្ឋ០៨ភូមិ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ត្រូវបិទផ្សាយជាសាធារណៈ
AKP កណ្ដាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការ ដែលបានគ្រោងទុក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន០៨គឺ ភូមិក្បាលកោះកើត ក្បាលកោះលិច កណ្តាលកោះ ចុងកោះកើត ចុងកោះលិច ក្បាលកោះខាងត្បូង បទុមសាគរ និងព្រែកយាយម៉ី ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល សរុបមានចំនួន ៤ ៤៩៤ក្បាលដី ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ។

លោក ហាក់ សុខមករា បានបញ្ជាក់ថា គោលបំណងដ៏សំខាន់នៃការបិទផ្សាយជាសាធារណៈ គឺដើម្បីទុកឱកាសឱ្យបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ មកពិនិត្យទិន្នន័យអោឱ្យមានលក្ខណៈត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ។ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃ ចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញបណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងសន្តិភាពផ្លូវចិត្ត។


លោកអភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចំនួន០៨ភូមិខាងលើ ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានថ្លែងថា ស្រុកស្អាងបានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ៥២លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៨ភូមិ ក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង សរុបមានចំនួន ៤ ៤៩៤ ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





