កិច្ចប្រជុំពង្រឹងវិធានការការពារទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ដោះស្រាយបញ្ហាប្រឈមនានានិងអប់រំផ្សព្វផ្សាយវិធានការច្បាប់ជូនប្រជាពលរដ្ឋនៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពង្រឹងវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដោះស្រាយបញ្ហាប្រឈមនានានិងដោះស្រាយវិធានការច្បាប់ជូនប្រជាពលរដ្ឋដល់កងកម្លាំងទាំងបី មន្ទីរអង្គភាព ស្ថាប័នមានការពាក់ព័ន្ធ ប្រធានសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដី ឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំសុចិត្រ ស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពការងារ ដែលកងកម្លាំងចម្រុះនៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយគិតពីថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២៤ដល់ថ្ងៃទី០១ ខែឧសភាឆ្នាំ ២០២៥ កន្លងទៅនេះដែលខេត្តកំពង់ធំបានប្រើប្រាស់កម្លាំងចម្រុះចំនួន ៣៣០ នាក់ ដោយមានកងទ័ពជាស្នូល រៀបចំបង្កើតទីបញ្ជាការស្រាល ចំនួន ១៤គោលដៅ នៅទូទាំងភូមិសាស្ត្រខេត្ត ដើម្បីការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងតំបន់ព្រៃឈើ និងតំបន់៣ស្ថិតក្នុងតំបន់ វាលក្រោមដោយទទួលបានជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះទប់ស្កាត់បានទាំងស្រុងមិនឱ្យមានការកើតឡើងជាថ្មីនៅបទល្មើសរំលោភទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានឡើយ។ ដោយឡែកនៅតំបន់ព្រៃឈើក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែករបស់ស្រុកសន្ទុក យើងបានរកឃើញ និងដកហូតយកដី ចំនួន ជាង ៣៥០០ហិកតា ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ ហើយបានគ្រប់គ្រងជាសម្បត្តិរដ្ឋ មិនឱ្យមានការបាត់បង់ទៅវិញ និងបានដាំស្តារព្រៃឈើឡើងវិញបានចំនួនជាង ៥ ម៉ឺនដើមផងដែរ។

តំណាងប្រជាពលរដ្ឋ អាជ្ញាធរឃុំ ភូមិ បានលើកឡើងនៅបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធក្នុងការបង្ក្រាបរបស់កងកម្លាំងចម្រុះ ដែលអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលនៅជាធរមានរបស់ស្ថាប័នជំនាញពាក់ព័ន្ធ ដែលគ្រប់គ្រងធនធានធម្មជាតិដូចជាកសិកម្ម និងបរិស្ថាន ហើយសំណូមពរឲ្យមានការដោះស្រាយ។
លោក កៅ វុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត និងលោកលី ស្រេង នាយដែនជម្រកសត្វព្រៃ ព្រៃឡង់ បានធ្វើការពន្យល់ បកស្រាយ យ៉ាងក្បោះក្បាយអំពីវិធានការច្បាប់ និងការយោគយល់ចំពោះការប្រព្រឹត្តខុសឆ្គងរបស់ប្រជាពលរដ្ឋនាពេលកន្លងទៅនឹងបានសំណូមពរដល់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមេត្តាយោគយល់ ដែលការអនុវត្តនេះគឺដើម្បីការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារធនធានធម្មជាតិ ដែលជាប្រយោជន៍របស់សង្គមជាតិយើងទាំងអស់គ្នា។ ជាមួយនោះដែរក៏បានសំណូមពរសុំឱ្យមានការយោគយល់ពីប្រជាពលរដ្ឋគ្រប់រូប ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដោយបានកាប់ទន្ទ្រានយកដីរបស់រដ្ឋនាពេលកន្លងទៅ មិនអនុញ្ញាតឲ្យមានកើតឡើងជាថ្មីបានជាដាច់ខាត និងបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ និងស្មើភាពគ្នា។ចំពោះជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





