រដ្ឋបាលខេត្តកណ្តាលទទួលអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
AKP កណ្ដាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការ លេខាធិការ និងសមាជិកនៃគណៈកម្មការ និងលោក លោកស្រី គណៈប្រតិភូព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ ដូចជា ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល។ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ខាងលើបានប្រព្រឹត្តទៅនៅសាលប្រជុំបណ្ដោះអាសន្នសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ។

ឯកឧត្តម គួច ចំរើន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព និងគណៈប្រតិភូមូលនិធិសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ជាអង្គការសប្បុរសធម៌ដ៏ឆ្នើម ដែលបានសាបព្រោះនូវទឹកចិត្តសប្បុរស តាមរយៈការឧបត្ថម្ភគាំទ្រទាំងអំណោយមនុស្សធម៌ និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតនៅជុំវិញពិភពលោក។
អំណោយមនុស្សធម៌នេះជាសក្ខីភាពនៃការគិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ អំណោយមនុស្សធម៌ដ៏ប្រពៃទាំងនេះ ជាការរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាការសម្រួលនូវការលំបាក និងបន្ទុករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កន្លងមក មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ធ្លាប់បានផ្ដល់អំណោយជាឱសថ គ្រឿងបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សរុបជាថវិកាប្រមាណ ៥១៨ ៨៥៦ ដុល្លារអាមេរិក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ក៏បានចុះអនុស្សរណៈយោគយល់ជាមួយ គណៈកម្មការទី១០ ព្រឹទ្ធសភា ដែលកំណត់ខេត្តកណ្ដាលជាខេត្តគោលដៅ ក្នុងការទទួលអំណោយមនុស្សធម៌សរុបជាថវិកា៥លានដុល្លារអាមេរិក លើរយៈពេលអនុវត្ត ៥ឆ្នាំ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៩។ នាឱកាសដ៏នក្ខត្តឫក្ស នាថ្ងៃនេះ ជាលើកទី១នៃការផ្ដល់អំណោយមនុស្សធម៌ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ ដែលរួមមានឱសថ គ្រឿងបរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សរុបជាថវិកាប្រមាណ ១ ០០០ ០០០,១២ ដុល្លារអាមេរិក។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយមនុស្សធម៌យ៉ាងច្រើន ពីប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មកជូនដល់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងជួយជាបន្តបន្ទាប់ទៀត ជាពិសេសសម្រាប់ខេត្តកណ្តាល ក៏ដូចជាខេត្ត-ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមប្រឹក្សាគណៈអភិបាលខេត្តកណ្ដាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក ដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





