ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ យើងត្រូវរួមគ្នាជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន ដើម្បីធានាបាននូវការងារសមរម្យ និងជីវភាពធូរធារសម្រាប់ប្រជាពលរដ្ឋយើង។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្ត និងការរៀបចំកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៨។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំបន្ទាយទ័ព វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត (PTB)។
ក្នុងនាមឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោក លី សុវណ្ណារិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានក្នុងត្រីមាសទី២ កន្លងមក ក៏ដូចជាកំណត់នូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។

លោកបានបន្តទៀតថា «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវជន អំពីសារៈប្រយោជន៍នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ខ្ញុំសូមជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំកម្មវិធីនេះឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។»
កិច្ចប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រួមមានការចុះឈ្មោះសិក្សារបស់សិស្ស-និស្សិត ការអនុវត្តកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្រៀន ការភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន និងការគាំទ្រដល់សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន រួមទាំងការខ្វះខាតធនធានសម្ភារ បរិក្ខារ និងការត្រូវការការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍន៍។ សម្រាប់ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៨ អង្គប្រជុំបានពិភាក្សាអំពីកម្មវិធីលម្អិត រួមមាន ការតាំងពិព័រណ៍ផលិតផល និងស្នាដៃរបស់សិស្ស-និស្សិត ការបង្ហាញជំនាញបច្ចេកទេស ការប្រគល់វិញ្ញាបនបត្រជូនសិស្ស និស្សិតឆ្នើម និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជន។

លោក លី សុវណ្ណារិទ្ធ ក៏បានណែនាំដល់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ឱ្យបន្តពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីប្រមូលផ្ដុំធនធាន និងបទពិសោធន៍នានា មកបម្រើឱ្យវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





