ផ្ទះមនុស្សធម៌ទី២៤ត្រូវបានប្រគល់ជូនដល់ស្រីមេម៉ាយទុរគតនៅឃុំចំការអណ្ដូង ស្រុកចំការលើ
AKP កំពង់ចាម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
ផ្ទះមនុស្សធម៌ទី២៤ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្តសម្រាប់ជួយដល់ទុរគតជន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងជនទីទ័លក្រ ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ត្រូវបានប្រគល់ដល់គ្រួសារ ជូនស្ត្រីមេម៉ាយពិការគ្មានទីពឹង ឈ្មោះ ជុំ សុកយ៉េង អាយុ ២៧ឆ្នាំ រស់នៅ ភូមិដូនបុស្ស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ដកំពង់ចាម។

លោកអភិបាលរងខេត្តបានលើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយដោយឈរលើទិសស្លោក “ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ត្រូវទៅដល់ និងជួយពួកគាត់ ទាន់ពេលវេលាមិនទុកដល់បាត់បង់ជីវិតដោយមិនបានជួយពួកគាត់ឡើយ”។

ក្នុងពិធីប្រគល់ជូនផ្ទះថ្មី លោកអភិបាលរងបាននាំយកនូវសម្ភារជាគ្រឿងឧបភោគ បរិភោគសម្រាប់ឡើងផ្ទះថ្មី រួមមាន អង្ករ៥០គក្រ, ត្រីខ ២០ កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, សាប៊ូ ១០ដុំ និងថវិកា ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមក្នុងពិធីប្រគល់-ទទួលចំនួន១០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ឃីត ព្រមទាំងថវិកាចំនួន២០,០០០រៀលផងដែរ៕

ដោយ ឆាយ ម៉ុត





