ក្រុមប្រឹក្សារាជធានីភ្នំពេញបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--
ក្រុមប្រឹក្សារាជធានីភ្នំពេញបានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានអរគុណចំពោះអាជ្ញាធរដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍរាជធានីភ្នំពេញឱ្យមានការរីកចម្រើន ជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឱ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន៣៧លើក/៤៩លើក ថយចុះ១២លើក។ ក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះច្រើនហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូ និងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឱ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។
ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានជំរុញឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់ សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមអភិបាលរាជធានីក៏បានអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិចឬច្រើនក្តីយើងចេះចែករំលែក ស្រឡាញ់គ្នាខ្មែរជួយខ្មែរ និងបានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេក របស់ថ្នាក់ដឹកនាំរបស់យើងឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចតេជោហ៊ុន សែន ផេករបស់សម្តេចមហាបវរអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម ដើម្បីបង្ហាញឱ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕
ដោយ សួស សំរិត





