ឯកឧត្តម ម៉ី ហ៊ុល អញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ កម្លាំងប្រដាប់អាវុធ ឈរជើងជួរមុខ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ី ហ៊ុល អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងវរសេនាតូចលេខ១១១នៃតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ដែលជាវរសម្ព័ន្ធមេត្រីភាពជាមួយក្រសួងកិច្ចការនារី។

ក្នុងពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមបានថ្លែងពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ (ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) និងបន្តដោះស្រាយទ្វេរភាគីតាមរយៈគណៈកម្មការព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី និងមានថវិកា អង្ករ និងក្រម៉ា ចែកជូននាយទាហាន នាយទាហានរង និងពលទាហាននៃវរសេនាតូចលេខ១១១ ផងដែរ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





