ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនសាងសង់ផ្លូវចំនួន៣ខ្សែ នៅក្នុងខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនសាងសង់ផ្លូវចំនួន៣ខ្សែ នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្លូវទាំង៣ខ្សែនេះបានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នមានវឌ្ឍនភាព៩៥% ហើយគ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។ ខ្សែផ្លូវទាំង៣ខ្សែនេះបាន និងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦ ៩៦៣គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ២៥ ៧៧១គ្រួសារ។

ទន្ទឹងនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការងារសាងសង់ឱ្យសម្រេចបាន តាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ។

សូមជម្រាបជូនថា ផ្លូវទាំង៣ខ្សែនោះ រួមមាន៖ ខ្សែទី១. ផ្លូវអូរតាលោក-ដូង ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ១៣,៩៨គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៣,៦៤គ.ម និងក្រាលបេតុង ០,៣៤គីឡូម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅកាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៤២គ្រួសារ និងប្រយោល ចំនួន ៤ ៧៩០គ្រួសារ។ ខ្សែទី២. តាំងត្រក-ថ្កែង ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង៥,០២គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គីឡូម៉ែត្រ និងក្រាលបេតុង ០,៥គីឡូម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៩៤៩គ្រួសារ និងប្រយោលចំនួន ១ ៣០៩គ្រួសារ និងខ្សែទី៣. ថ្នល់កែង-ស្រែធំ ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៣,៧៦គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គីឡូម៉ែត្រ និងក្រាលបេតុង០,២០គីឡូម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ០៨១គ្រួសារ និងប្រយោលចំនួន ១ ៣៥១គ្រួសារ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





