កាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន២៣គ្រួសារ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--នៅបរិវេណសាលាក្រុងដូនកែវខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៥បានរៀបចំពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន២១គ្រួសារ និងគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២គ្រួសារសរុបចំនួន២៣គ្រួសារ នៅក្នុងក្រុងដូនកែវខេត្តតាកែវ។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយលោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកនាយកសាខា លោកស្រីប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងដូនកែវ និងក្រុមការងារកាកបាទក្រហមសង្កាត់ទាំងបីក្នុងក្រុងដូនកែវ។

ថ្លែងសំណេះសំណាលក្នុងពិធីនោះលោក ម៉ឹង វុធី បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ។ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ម៉ឹង វុធី បានមានប្រសាសន៍បន្តថាឲ្យតែបងប្អូនប្រជាពលរដ្ឋជួបការលំបាក កាកបាទក្រហមកម្ពុជាតែងតែចុះយកអំណោយចែកជូនភ្លាមៗ ដោយមិនទុកឲ្យបងប្អូនខ្វះខាតលើជីវភាពកាន់តែធ្ងន់ធ្ងរជាងនេះទេ ពោលគឺត្រូវជួយដោះទុក្ខលំបាកបងប្អូនឲ្យបានទាន់ពេលវេលា។ដោយធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាកខ្វះខាត មានជីវភាពរស់នៅបានសមរម្យគ្រប់គ្រាន់។ថ្វីត្បិតតែអំណោយផ្ដល់ជូនបងប្អូន មានចំនួនតិចតួចពិតមែនតែអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយគ្រាដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ឹង វុធី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត។ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ការពារកូនចៅពីជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ។ត្រូវប្រុងប្រយ័ត្នអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ប្រុងប្រយ័ត្នអំពីបាតុភូតធម្មជាតិផ្សេងៗ និងការប្រែប្រួលអាកាសធាតុផងដែរ។
អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង២៣គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ អ៊ុច សៀង





