គ្រួសារសមាជិកអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណសង្រ្គោះពីសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោអ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុកគ្រួសារសមាជិកអតីតយុទ្ធជនមកពីស្រុកចំនួន៥ គឺស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកបរិបូណ៌ ក្រុងកំពង់ឆ្នាំង និងស្រុកជលគិរី ដែលកម្មវិធីនេះប្រារព្វធ្វើនៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ អ៊ុំ សុភា បានមានប្រសាសន៍ថា ជានិច្ចជាកាលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ដល់បងប្អូននិងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការរផ្សេងៗ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះភាពប្រឹងប្រែងរបស់បងប្អូន។ ក្រោមការដឹកនាំពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះបងប្អូនគ្រួសារអតីតយុទ្ធជននិងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់បងប្អូន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មានភាពប្រសើរមួយកម្រិតថែមទៀត។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោ បានជម្រុញដល់បងប្អូនគ្រួសារអតីតយុទ្ធជន ខិតខំបន្ថែមទៀត ក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើឡើងថែមទៀត ។ ក្នុងពេលនេះដែរឯកឧត្តម ក៏បានសំណូមពរទៅមន្ត្រីមន្ទីរកសិកម្ម ភាគីពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ឱ្យជួយផ្តល់កិច្ចអន្តរាគមន៍នានាដល់អតីតយុទ្ធជននិងគ្រួសារដែលបាត់បង់ប្ដីក្នុងបុព្វហេតុជាតិមាតុភូមិ សូមជួយផ្តល់បច្ចេកទេស ការផ្តល់ពូជ និងឧស្សាហ៍ចុះអប់រំពួកគាត់ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ចំណេះដឹងលើការដាំដុះ និងការចិញ្ចឹមសត្វជាដើម។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោនិងមន្ត្រីអមដំណើរ បានចែកវត្ថុអនុស្សាវរីយ៏ និងស្បៀងអាហារមួយចំនួន ជូនដល់គ្រួសារអតីតយុទ្ធជន ដែលខ្វះខាតចំនួន៨គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ , មី១កេស, ទឹកត្រី១យួរ , ត្រីខកំប៉ុង១យួរ ,ក្រមា១ , អាហារសម្រន់១កញ្ចប់ និងថវិការ៤០ម៉ឺនរៀលផងដែរ ៕


ដោយ៖បៃ ស៊ីថុន





