រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជួបសំណេះសំណាល តម្រង់ទិសការងារ និងប្រគល់ប័ណ្ណសរសើរលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម គីម រិទ្ធី បានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មាន ក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាននាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពនិងវិជ្ជាជីវៈរបស់មន្ត្រីទាំងអស់ ក្រោមការដឹកនាំរបស់លោកស្រី ហែម សុគន្ធពិសី ប្រធានមន្ទីរដែលបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាពជាក់ស្ដែងមន្ត្រីឆ្នើមពីររូបរបស់មន្ទីរត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៤នេះ ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនដោយកុំធ្វើឲ្យតែរួចពីដៃឬធ្វើការយកល្អតែមុខថ្នាក់ដឹកនាំ ប៉ុន្តែក្រោយខ្នងធ្វើមិនបានល្អ ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តួនាទីរបស់មន្ទីរព័ត៌មាន ជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានី ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។ ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយទើបអាចគ្រប់គ្រងព័ត៌មានបាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មាន ឲ្យបន្តបង្កើនការផលិតនិងផ្សព្វផ្សាយនូវព័ត៌មានដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាន គឺដើម្បីបង្ហាញជូនប្រជាពលរដ្ឋឲ្យបានដឹងច្បាស់អំពីសក្ដានុពលដ៏សំបូរបែបក៏ដូចជាសមិទ្ធផលនានាដែលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកនិងកំពុងបន្តសម្រេចបាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ឲ្យមានសាមគ្គីភាពខិតខំប្រឹងប្រែងធ្វើការងារ ពីការផលិតនិងការផ្សព្វផ្សាយរបស់មន្ត្រីគឺជាការចូលរួមពង្រឹងនៅសន្តិភាពរបស់កម្ពុជាយើងដើម្បីឲ្យប្រជាជនទទួលបានព័ត៌មានិតត្រឹមត្រូវពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឲ្យសង្គមជាតិរឹងមាំប្រជាជនមានការយល់ដឹងមិនជឿតាមការបោកបញ្ឆោតញុះញង់និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៕
ដោយ ៖ទិត ស្រ៊





