ក្រសួងសង្គមកិច្ចរៀបចំសិក្ខាសាលា ផ្ទៀងផ្ទាត់លើរបាយការណ៍ស្ដីពីការអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្ដម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់លើរបាយការណ៍ចុងក្រោយស្ដីពីការអនុវត្តច្បាប់ ស្ដីពីយុត្តិធម៌អនីតិជននៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ធូ ស៊ុន បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះដើម្បីពិនិត្យបន្ថែមលើខ្លឹមសារនៃរបាយការណ៍ស្ដីពីការអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជននៅកម្ពុជា និងពិភាក្សារបកគំហើញសំខាន់ៗ ពីតំណាងអគ្គនាយកដ្ឋានស្ដារសម្បទា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រះរាជអាជ្ញារង ចៅក្រម គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ ភ្នាក់ងារសង្គមកិច្ច អង្គការមិនមែនរដ្ឋាភិបាល។

ក្នុងសិក្ខាសាលានោះក៏មានការចូលរួមពី ឯកឧត្ដម តាំ សារឿន អនុរដ្ឋលេខាធិការ ឯកឧត្ដម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា លោក ឃ្លាំង ទី និងលោក វ៉ិត វ៉ាល់ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ដារសម្បទា លោកប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន លោកប្រធានមណ្ឌលយុវនីតិសម្បទា លោក លោកស្រី និងមន្ត្រីជំនាញប្រមាណជាង ៤០រូប៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





