កម្ពុជា-ថៃ សម្រេចសម្រួលការឆ្លងកាត់ព្រំដែនសម្រាប់សិស្សនៅច្រកប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥--កម្ពុជា និងថៃ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីសម្រួលដល់ការឆ្លងកាត់ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់សិស្សានុសិស្សឱ្យបានទាន់ម៉ោងសិក្សា បន្ទាប់ពីការផ្លាស់ប្តូរពេលវេលាឆ្លងកាត់ព្រំដែនជាឯកតោភាគីដោយភាគីថៃ កាលពីពេលថ្មីៗនេះ បានបង្កជាការលំបាក និងប៉ះពាល់យ៉ាងខ្លាំងដល់សិស្សដែលរៀននៅសងខាងព្រំដែន។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះនៅក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជាមួយភាគីថៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ និងមានគោលបំណងចម្បងស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់ដែលបណ្តាលមកពីការសម្រេចចិត្តរបស់ភាគីថៃក្នុងការបើកម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាច ដែលធ្វើឱ្យសិស្សានុសិស្សដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ និងសិស្សដែលរស់នៅកម្ពុជា មានការយឺតយ៉ាវក្នុងការទៅសាលារៀន។

កំណត់ពេលវេលាថ្មីសម្រាប់ការឆ្លងកាត់ព្រំដែន យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ភាគីទាំងពីរបានព្រមព្រៀងសម្រួលពេលវេលាឆ្លងកាត់ព្រំដែនសម្រាប់សិស្សានុសិស្សគឺ៖ ពេលព្រឹក សិស្សអាចឆ្លងកាត់បានចន្លោះម៉ោង៦៖០០នាទី ដល់ម៉ោង៨៖០០នាទី ហើយពេលល្ងាច សិស្សអាចឆ្លងកាត់បានចន្លោះម៉ោង១៧៖០០នាទី ដល់ម៉ោង ១៨:០០នាទី។ ការសម្រួលនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

កន្លងមក ការផ្លាស់ប្តូរម៉ោងបើក-បិទច្រកទ្វារដោយភាគីថៃបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងពីមាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់ ដោយសារតែពួកគេត្រូវរង់ចាំយូរ ឬទៅសាលារៀនមិនទាន់ម៉ោង។ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេល និងមានប្រសិទ្ធភាពពីអាជ្ញាធរទាំងសងខាង ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សដោយគ្មានការរំខាន។ នេះគឺជាសញ្ញាណដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន៕
ដោយ ឈុន សារ៉ាត





