ខេត្តសៀមរាបជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ
AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥-- ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២របស់ខ្លួន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត នឹងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនោះ លោកស្រី ម៉ននី រង្សី បានឱ្យដឹងថា ការបើកកិច្ចប្រជុំនាពេលនេះក្នុងគោលបំណងចែករំលែកអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងដំណើរឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាប្រចាំត្រីមាស និងធ្វើការពិនិត្យនិងប្រៀបធៀបថាទៅលើរបាយការណ៍ លើកិច្ចការពាក់ព័ន្ធនិងអំពើរហិង្សាលើស្ត្រីនិងកុមារ។ កិច្ចប្រជុំនេះដែរក៏បានផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រីអភិបាលរងខេត្តបានធ្វើការណែនាំដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឱ្យបន្តរៀបចំផែនការសកម្មភាព ដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកាសម្រាប់អនុវត្តផែនការនោះឱ្យមានប្រសិទ្ធភាព ហើយបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធនិងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយ: វគ្គបណ្តុះបណ្តាល និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។


លោកស្រី ម៉ននី រង្សី បានវាយតម្លៃនិងកោតសរសើរចំពោះដំណើរនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានខិតខំអនុវត្តការងារ ផ្តល់សេវា និងស្វែងរកដំណោះស្រាយជូនស្រ្តីដែលបានរងគ្រោះដោយអំពើហិង្សាកន្លងមក និងបានជំរុញបន្ថែមទៀតដល់ក្រុមការងារពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺបន្តអនុវត្តនូវការងារដែលសេសសល់កន្លងមក ព្រមទាំងសូមឱ្យកិច្ចសហការគ្នាល្អរវាងក្រុមការងារ និងអ្នកពាក់ព័ន្ធអស់ដើម្បីសម្រេចការងារក្នុងការទប់ស្កាត់ការកើតមានឡើងអំពើហិង្សា ការរំលោភបំពាន ចំពោះស្ត្រី និងកុមារ៕
ដោយ ហង្ស សៀក





