អគ្គលេខាធិការកាកបាទក្រហមកម្ពុជាអនុញ្ញតឱ្យ តំណាងកាកបាទក្រហមកូរ៉េ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥---
តំណាងកាកបាទក្រហមកូរ៉េ ២រូប ដឹកនាំដោយ លោក Jae Ryul Kim ជាប្រធានប្រតិភូ និងលោក Youngpyo Koo បានអញ្ជើញមកទស្សនកិច្ច និងចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងគោលបំណង គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក ពង្រឹងមិត្តភាពរវាងសមាគមជាតិទាំងពីរ ពិសេសសិក្សាពីលទ្ធភាពសហការគ្នាក្នុងការងារតាមតំបន់មេគង្គ និងធ្វើការសិក្សាបន្ថែមពីបរិបទរបស់កាកបាទក្រហមកម្ពុជាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

គួរកត់សម្គាល់ថា កាកបាទក្រហមកូរ៉េ តែងតែបានធ្វើការជាមួយនិងកាកបាទក្រហមកម្ពុជា យ៉ាងជិតស្និត ជាពិសេស ការគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍយុវជន តាមរយៈការផ្តល់គម្រោង ការធ្វើទស្សនាកិច្ចផ្លាស់ប្តូរបទពិសោធន៍ កិច្ចប្រជុំ ដើម្បីពង្រឹងមិត្តភាព និងកសាងសមត្ថភាព ក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។


សូមជម្រាបថានៅក្នុងជំនួប កាកបាទក្រហមកូរ៉េបាន បញ្ជាក់អំពីផែនការឧបត្ថម្ភ បច្ចេកទេស សម្ភារ និងថវិកា ដល់កាកបាទក្រហមកម្ពុជា ផ្តោតលើសមាហរណកម្មវិស័យគ្រប់គ្រងគ្រោះមហន្តរាយ (សុវត្ថិភាពក្នុងសាលារៀន/ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) និងសុខភាពសហគមន៍ (អនាម័យទឹកស្អាត និងសង្គ្រោះបឋម)។

ជាជំហានបន្ទាប់ កិច្ចពិភាក្សាបានសម្រេច អនុញ្ញាតឱ្យក្រុម ការងារកាកកាទក្រហមកម្ពុជា និងប្រតិភូកាកបាទក្រហមកូរ៉េ បន្តសិក្សាអំពីនីតិវិធីដំណើរការរៀបចំសេចក្តីព្រាងឯកសារពាក់ព័ន្ធការងារខាងលើ ដើម្បីដាក់ជូនថ្នាក់ដឹកនាំទាំងសងខាងពិនិត្យ និងសម្រេចជាផ្លូវការចុងក្រោយ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកកាទក្រហមកម្ពុជា)





