ឯកឧត្តម គួច ចំរើន អំពាវនាវប្រជាពលរដ្ឋតាមដានព័ត៌មានទាក់ទងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងត្រូវគាំទ្រជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល
AKP កណ្ដាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះបាន។ ជាពិសេស សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើងទាំងសម្ភារ ថវិកា និងស្មារតីទៅតាមលទ្ធភាពរៀងៗខ្លួន។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងតាខ្មៅ ដែលបានរៀបចំឡើងនៅសាលាក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញ និងលើកទឹកចិត្តអាជ្ញាធរក្រុងតាខ្មៅ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹង ដើម្បីបង្ក្រាបទៅលើបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរក្រុងត្រូវបន្តខិតខំយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្លាប់សាធារណៈក្រុង ឱ្យកាន់តែមានសោភ័ណភាព និងមានរបៀបរៀបរយ។ អាជ្ញាធរក្រុងត្រូវមានវិធានការទប់ស្កាត់ និងលុបបំបាត់ឱ្យអស់នូវរាល់ ការសាងសង់សំណង់មិនរៀបរយ គ្មានសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវ ត្រូវទប់ស្កាត់កុំឱ្យមានការសាងសង់ថ្មី។

ចំពោះបញ្ហាអនាម័យបរិស្ថាន ឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវខិតខំលើការងារប្រមូលសំរាមឱ្យអស់ពីក្នុងក្រុង ត្រូវធ្វើវេទិកាជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ និងការកំណត់តម្លៃ ក្នុងការយកសេវាសសំរាម ដោយមិនត្រូវយកការងារប្រមូលសំរាមធ្វើអាជីវកម្មនោះឡើយ មានន័យថាការប្រមូលសេវាសំរាមនេះ គឺក្នុងគោលដៅដើម្បីជួយផ្ដល់លទ្ធភាពដល់ក្រុង អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលសំរាមបានល្អប្រសើរតែប៉ុណ្ណោះ ហើយមន្ត្រីរាជការត្រូវតែធ្វើជាគំរូក្នុងការផ្ដល់សេវាសំរាមនេះមុនប្រជាពលរដ្ឋ។

សូមជម្រាបថា លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ និង លោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ត្រូវបានប្រកាសផ្ទេរភារកិច្ចឱ្យចូលកាន់មុខតំណែងជាអភិបាលរងក្រុងតាខ្មៅ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





