គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ ពីស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម សម្រេចបាន ៥៦%
AKP កំពង់ចាម ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ពីចំណុចរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណាក្រុងកំពង់ចាម រហូតមកដល់បច្ចុប្បន្នសម្រេចគឺបាន ប្រមាណជាង៥៦% ហើយ ក្នុងនោះការងារសាងសង់តួផ្លូវប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន៦០.២៥%។ ការងារសាងសង់ស្ពានសរុបចំនួន០៨កន្លែង សម្រេចបាន ៩៤.៧៥%។ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥%។ ការធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥% ការដាក់លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង៤៦.៧២% និងការងារបើកទ្រូងផ្លូវ សរុបចំនួន ១១៣កន្លែង បច្ចុប្បន្នបើកបាន ៥៦កន្លែង ស្មើនឹង៥០%។

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានរបៀវារៈសំខាន់ចំនួន៦ រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែឧសភា និងលើកទិសដៅប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្ដីពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម សម្រាប់រយៈពេល១២ខែ លើកទី២។ ៤- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។ ៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និង៦- បញ្ហាផ្សេងៗ៕




ដោយ ឆាយ ម៉ុត





